សៀមរាប៖ ក្រុមបវរកញ្ញាឯកភពផែនដីអន្តរជាតិ ប្រមាណជា២០ប្រទេស បានលើកឡើងថា ពួកនាងមានមោទកភាពក្នុងការធ្វើដំណើរមកកាន់កម្ពុជា ជាពិសេសមកកាន់ទឹកដីប្រាង្គប្រាសាទដ៏អច្ឆរិយរបស់ប្រទេសនេះ។
ជាមួយនឹងមោទកភាពនេះ ក្រុមបវរកញ្ញាបានអះអាងថា នឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនរបស់ពួកនាងដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាប។
កាលពីរាត្រីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅក្នុងដំណើរកម្សាន្តនៅតំបន់ផប់ស្ទ្រីត ក្រុងសៀមរាប ក្រុមបវរកញ្ញាឯកភពផែនដី (Miss Planet International) បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកនាងពិតជាសប្បាយរីករាយ និងមានមោទកភាពដែលបានមកកាន់ប្រទេសកម្ពុជា ។ កម្ពុជាជាទីកន្លែងដែលពួកនាងមានអារម្មណ៍ថាកក់ក្តៅ ប្រជាជនមានភាពរួសរាយរាក់ទាក់។
ពួកនាងលើកឡើងថា កម្ពុជា ជាពិសេសខេត្តសៀមរាប ពិតជាស្រស់ស្អាត និងសូមអញ្ជើញអ្នកទេសចរចូលមកកម្សាន្តនៅខេត្តនេះឲ្យបានកាន់តែច្រើន។
ជាមួយគ្នានេះក្រុមបវរកញ្ញាឯកភពផែនដីអន្តរជាតិ ក៏បានអះអាងដែរថា ពួកនាងនឹងប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួនជួយផ្សព្វផ្សាយអំពីវិស័យទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោកផងដែរ។
សូមជម្រាបថា បវរកញ្ញាឯកភពផែនដីអន្តរជាតិជាង២០ប្រទេសចូលរួមអបអរពិធីបុណ្យអង្ករ នៅខេត្ដសៀមរាប ដើម្បីផ្សព្វផ្សាយទេសចរបៃតងនៅកម្ពុជា។
លោក ហ៊្វីលីព កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានឱ្យដឹងថា វត្តមានរបស់កញ្ញាអន្តរជាតិ នៅលើទឹកដីខេត្តសៀមរាប ក្នុងកម្មវិធី នៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងចូលរួមចំណែកផ្សព្វផ្សាយ អំពីគោលដៅទេសចរណ៍ ដ៏មានសក្ដានុពលក្នុងខេត្តសៀមរាប ផលិតផល និងសេវាកម្មទេសចរណ៍ សម្បត្តិធម្មជាតិ ដ៏សម្បូរបែប ព្រមទាំងជាមួយស្នាមញញឹមប្រកបដោយភាពកក់ក្ដៅរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ទៅកាន់ភ្ញៀវទេសចរទូទាំងពិភពលោក។ ជាមួយគ្នានោះ វត្តមានរបស់បវរកញ្ញាអន្តរជាតិ ក៏នឹង ជួយផ្សព្វផ្សាយសក្តានុពលវិស័យស្រូវអង្ករកម្ពុជា ដែលជា មាស “ស” របស់កម្ពុជា ឱ្យ កាន់តែមានភាពល្បីល្បាញថា ជា “អង្ករល្អដាច់គេរបស់ពិភពលោក”ផងដែរ។
សូមបញ្ជាក់ថា ដោយមានការផ្តួចផ្តើមពីក្លិបទេសចរណ៍ខេត្តសៀមរាប និង សហព័ន្ធស្រូវអង្ករកម្ពុជា និងមានការសហការ និងសម្របសម្រួលពី ក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តសៀមរាប សហភាពសហព័ន្ធយុវជន កម្ពុជាខេត្តសៀមរាប សភាពាណិជ្ជកម្មសៀមរាប-ឧត្តរមានជ័យ និងសមាគមចុងភៅកម្ពុជា ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រដោយ ក្រុមហ៊ុនផ្សេងទៀត បានបង្កើតកម្មវិធីបុណ្យអង្ករនេះឡើង ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយសក្ដានុពលវិស័យស្រូវអង្ករកម្ពុជា ដែលជាមាស “ស” ខណ:ដែលង្ករកម្ពុជាបានឈ្នះពានរង្វាន់ “អង្ករល្អដាច់គេ លើពិភពលោក”៕
អត្ថបទ៖ ជា ស្រស់