តៃវ៉ាន់៖ គិតមកទល់ពេលនេះរយៈពេល ៧ឆ្នាំហើយដែលតារាសម្តែងល្បី Ruby Lin និង Wallace Huo ចាប់ដៃគ្នាសាងគ្រួសារដោយទទួលបានកូនស្រីម្នាក់ជាចំណងដៃ។ យ៉ាងណាមិញ បន្ទាប់ពីរៀបការរួចអ្នកទាំង២ តែងលេចឮព័ត៌មានរស់នៅមិនចុះសម្រុងគ្នាជាញឹកញាប់ ជាហេតុធ្វើឱ្យអ្នកគាំទ្រយល់ថាភាពរកាំរកូសក្នុងគ្រួសារអ្នកទាំង២ ជាសញ្ញាមិនល្អមួយដែលអាចឈានដល់ការចែកផ្លូវគ្នាស្ងាត់ៗក៏ថាបាន។
ទោះជាផ្ទុះព័ត៌មានរកាំរកូសគ្នាច្រើនលើកច្រើនសាយ៉ាងណាក៏ដោយក៏ Ruby និង Wallace មិនដែលចេញមុខបកស្រាយឡើយ ប៉ុន្តែអ្នកទាំង២បានប្រើយុទ្ធសាស្ត្រផុសរូបផ្អែមល្ហែមជាមួយគ្នាវិញដើម្បីបំបាត់ចម្ងល់របស់អ្នកគាំទ្រ។ ជាក់ស្តែង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នេះរូបភាពផ្អែមល្ហែមដែល Ruby និង Wallace ច្រៀងរួមគ្នាដោយបង្ហាញកាយវិការស្និទ្ធស្នាលពោរពេញដោយភាពផ្អែមល្ហែមកំពុងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង។
គួរបញ្ជាក់ដែរថា រូបភាពផ្អែមល្ហែមទាំងប៉ុន្មាននេះក៏បានបញ្ចប់ពាក្យចចាមអារ៉ាមដែលត្រូវបានខ្សឹបខ្សាវថា អាពាហ៍ពិពាហ៍របស់អ្នកទាំង២ កើតឡើងដោយការបង្ខិតបង្ខំដោយសារភាពយល់ច្រលំក្នុងថ្ងៃមង្គលការដែល Wallace បានបង្ហាញអាកប្បកិរិយាមិនពេញចិត្តនឹងកម្មវិធីជាមួយទឹកមុខស្មើៗ។ ក្រោយមកទើបមានការបកស្រាយថា តារាប្រុសរូបនេះមិនចូលចិត្តថតរូបឡើយទើបធ្វើឱ្យគ្រប់គ្នាមានការយល់ច្រលំបែបនេះ៕