×

គ្រាន់តែបើកឆាកឆ្នាំថ្មី ២០២៣ភ្លាម ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៦០ម៉ឺននាក់ទូទាំងប្រទេស

សង្គម៖ គ្រាន់តែបើកឆាកចូលឆ្នាំថ្មីភ្លាម កំណើនភ្ញៀវទេសចរដែលបានទៅកម្សាន្តតាមតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជាបានកើនឡើងជាលំដាប់ដែលចាប់ពីថ្ងៃទី២៣-២៩ ខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប៦០៦,១៧៥នាក់ និងភ្ញៀវបរទេស៤៩,៥៩២នាក់ឯណោះ។

ក្នុងនោះគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ១៨៤,៩២៩នាក់
* ខេត្តកំពត ៦៥,៧៨៧នាក់
* ខេត្តបាត់ដំបង ៦១,៧៣៧នាក់
* ខេត្តសៀមរាប ៤៧,៦៧៦នាក់
* ខេត្តកំពង់ចាម ៤២,០៤០នាក់
* រាជធានីភ្នំពេញ ៣៩,០៧២នាក់
* ខេត្តប៉ៃលិន ៣៣,០៦៥នាក់
* ខេត្តកែប ៣២,៧៤៦នាក់

ចំនួនភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ក្នុងសប្តាហ៍កន្លងមកនេះ គឺបានមកពីចរន្តភ្ញៀវទេសចរដែលបានដើរកម្សាន្តនារយៈពេល២ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិន (ថ្ងៃចន្ទ និងអង្គារ) ខណៈដែលរយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិននេះ យើងទទួលភ្ញៀវសរុបប្រមាណ ១លាននាក់។
ជាមួយការបន្តកើនឡើងនៃចរន្តភ្ញៀវទេសចរក្នុងស្រុកនាដើមឆ្នាំ២០២៣នេះ ចរន្តភ្ញៀវទេសចរអន្តរជាតិក៏បាននឹងកំពុងបង្ហាញសញ្ញាវិជ្ជមានជាមួយការមកដល់ជាបន្តបន្ទាប់នៃភ្ញៀវទេសចរអន្តរជាតិផងដែរ។

ជាក់ស្តែង បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជាមួយវត្តមានភ្ញៀវទេសចរចំនួន១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ៦នាក់ទៀត សរុប១២០នាក់។
រីឯនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ និង១៧ កុម្ភៈ នឹងមានជើងហោះហើរពីទីក្រុងគួនមីង និងពីសៀងហៃ ហើយចាប់ពីចុងខែមីនាទៅទើបមានកម្មវិធីហោះហើរទៀងទាត់។ នៅសៀមរាបបច្ចុប្បន្ន មានជើងហោះហើរចន្លោះពី១៦-១៩ជើងក្នុង១ថ្ងៃ ជារួមមានភ្ញៀវចន្លោះពី ១៨០០-១៩០០នាក់ រីឯភ្ញៀវទិញសំបុត្រចូលអង្គរយ៉ាងតិច២០០០នាក់ក្នុងមួយថ្ងៃដែលភ្ញៀវភាគច្រើនជាជនជាតិកូរ៉េ៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង