ឥណ្ឌា៖ បន្ទាប់ពីសម្រាលកូនទី២បាន ៥ថ្ងៃ Srividya មកពីទីក្រុង Coimbatore ប្រទេសឥណ្ឌាបានចាប់ផ្តើមបរិច្ចាគទឹកដោះរបស់នាងក្នុងគោលបំណងចង់ជួយដល់ទារកទើបកើតដែលម្តាយស្លាប់ចោលទាំងនៅតូច។
ទារកនៅតាមមន្ទីរពេទ្យរដ្ឋជាច្រើនមិនបានទទួលទឹកដោះម្តាយគ្រប់គ្រាន់ឡើយជាហេតុធ្វើឱ្យ Srividya មិនចង់ខ្ជះខ្ជាយទឹកដោះរបស់ខ្លួន ឬ ច្របាច់រក្សាទុកក្នុងទូទឹកកកដូចម្តាយឯទៀតបានធ្វើ ទើបនាងសម្រេចចិត្តធ្វើការបរិច្ចាគទឹកដោះផ្ទាល់របស់នាងដើម្បីជួយដល់ទារកទើបកើតបានយ៉ាងហោចណាស់ ២៥០០នាក់ក្នុងរយៈពេល ៧ខែគិតចាប់ពីខែមេសា ដល់ខែ តុលា ឆ្នាំ២០២២។
គំនិតមួយនេះក៏មានការគាំទ្រយ៉ាងពេញទំហឹងពីស្វាមីរបស់នាងផងដែរ មិនត្រឹមតែប៉ុណ្ណោះនាងក៏បានអំពាវនាវដល់អ្នកម្តាយឯទៀតឱ្យចូលរួមបរិច្ចាគទឹកដោះរបស់ខ្លួនដើម្បីសង្គ្រោះដល់ទារកទើបកើត ដែលកំពុងខ្វះខាតទឹកដោះម្តាយជាច្រើននាក់នៅតាមមន្ទីរពេទ្យ។
គួរបញ្ជាក់ដែរថា គិតមកទល់ពេលនេះ Srividya បានបរិច្ចាគទឹកដោះរបស់ខ្លួនបានចំនួន ១០៥លីត្រ និង ៩៨០មីលីលីត្រដែលធ្វើឱ្យឈ្មោះរបស់នាងត្រូវបានបញ្ចូលក្នុងសៀវភៅកំណត់ត្រារបស់ឥណ្ឌាផងដែរ៕