
កូរ៉េខាងត្បូង៖ បន្ទាប់ពី Song Joong Ki ប្រកាសរៀបការជាមួយអតីតតារាសម្តែងសញ្ជាតិអង់គ្លេស Katy Louise Saunders មកមហាជនបានងាកទៅចាប់អារម្មណ៍នឹង Song Hye Kyo ដោយចង់ដឹងប្រតិកម្មរបស់នាងនៅពេលដែលអតីតស្វាមីប្រកាសរៀបការបែបនេះ។

យ៉ាងណាមិញ តាមទម្លាប់ធម្មតារបស់ Song Hye Kyo នាងតែងបង្ហាញសកម្មភាពមួយចំនួននៅលើ IG ជារៀងរាល់ថ្ងៃ ប៉ុន្តែអំលុងពេលដែលព័ត៌មាន Song Joong Ki ប្រកាសរៀបការគ្រប់គ្នាសង្កេតឃើញថា IG របស់តារាស្រីរូបនេះហាក់ស្ងប់ស្ងាត់មិនមានសកម្មភាពអ្វីទាំងអស់គ្នា។
ទន្ទឹមនឹងនោះក៏មានមហាជនមួយចំនួនបានបញ្ចេញមតិថា Song Hye Kyo ស្ងប់ស្ងាត់ដោយសារតារាស្រីរូបនេះគ្រាន់តែមិនចង់ពាក់ព័ន្ធនឹងព័ត៌មានឥតប្រយោជន៍ប៉ុណ្ណោះ។ ទោះជាយ៉ាងណា កាលពីថ្ងៃទី០២ ខែកុម្ភៈ ម្សិលមិញនេះ Somg Hye Kjo បានមានសកម្មភាពឡើងវិញដោយនាងបានផុស Stories ឡើងវិញហាក់មិនខ្វល់ពីព័ត៌មានដែលបានផ្ទុះឡើងនោះឡើយ ផ្ទុយទៅវិញនាងបានផ្តោតលើជីវិតរស់នៅដែលកំពុងសោយសុខនឹងភាពជោគជ័យលើវិថីសិល្បៈកាន់តែខ្លាំង។
គួរបញ្ជាក់ដែរថា Song Hye Kyo កំពុងទទួលបានប្រជាប្រិយភាពខ្លាំងលើភាពយន្តថ្មីរបស់នាង The Glory ដែលបានចាក់ផ្សាយនៅលើ Netflix។ ទោះបីជោគជ័យលើវិថីសិល្បៈរហូតជាប់ឈ្មោះជាតារាស្រីដែលអាចរកបានប្រាក់ចំណូលខ្ពស់ជាងគេក៏ដោយ ប៉ុន្តែសម្រាប់ជីវិតគូរបស់នាងវិញមិនបានសមប្រកបឡើយ បន្ទាប់ពីលែងលះជាមួយ Song Joong Ki រយៈពេល ៣ឆ្នាំកន្លះមកនេះនាងនៅតែរក្សាភាពនៅលីវមិនទាន់ប្រកាសពីទំនាក់ទំនងជាមួយអ្នកណាថ្មីឡើយ៕



