
តៃវ៉ាន់៖ ខួបកំណើតកូនស្រីរបស់ Ruby Lin ឆ្នាំនេះធ្វើឱ្យតារាស្រីរូបនេះមិនសប្បាយចិត្តដូចរាល់ឆ្នាំឡើយបន្ទាប់ពីរូបថតកូនស្រីនាងត្រូវបានចែកចាយពេញបណ្តាញសង្គម។ កន្លងមកបើទោះជាតារាស្រីរូបនេះផុសរូបជាមួយកូនស្រីក៏បង្ហាញត្រឹមដៃប៉ុណ្ណោះ និងសូម្បីថ្ងៃកំណើតឆ្នាំនេះដែល Dolphin មានអាយុ ៦ឆ្នាំក៏តារាស្រីរូបនេះធ្វើកម្មវិធីតូចមួយដែលអញ្ជើញភ្ញៀវចូលរួមត្រឹម ២០នាក់ផងដែរ។

បន្ទាប់ពីកម្មវិធីបានចប់ រូបថតកូនស្រីរបស់តារាស្រីវ័យ ៤៧ឆ្នាំរូបនេះត្រូវបានចែកចាយពេញបណ្តាញសង្គមជាហេតុធ្វើឱ្យនាងខឹងសម្បារជាខ្លាំងដល់ថ្នាក់បញ្ចេញកំហឹងនៅលើបណ្តាញសង្គមចិន Weibo ថា ”គ្រប់គ្នាសុទ្ធតែមានអ្វីដែលខ្លួនចង់ការពារ។ តើវាពិបាកខ្លាំងណាស់មែនទេដោយគ្រាន់តែគោរពសិទ្ធិឯកជនរបស់គេ”? មិនអស់កំហឹងត្រឹមនេះឡើយ Ruby Lin ថែមទាំងបានបញ្ចេញកំហឹងនៅ Story ក្នុងបណ្តាញសង្គម Instagram ជាមួយរូបខឹងចំនួន ៣ ដើម្បីបញ្ចេញកំហឹងទៀតផង។
គួរបញ្ជាក់ដែរថា ប្រតិកម្មរបស់ Ruby លើកនេះបានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមមួយចំនួនយល់ថាវាមិនមែនជារឿងអ្វីធំដុំដល់ថ្នាក់ត្រូវបញ្ចេញកំហឹងបែបនេះឡើយ ខណៈអ្នកមួយចំនួនទៀតមានអារម្មណ៍អាណិតតារាស្រីរូបនេះ និងសុំឱ្យអ្នកដែលបានចែករំលែករូបថតកូនស្រីរបស់នាងទាំងអស់លុបចោលជាការគោរពសិទ្ធិឯកជនរបស់នាងផងដែរ៕

