
សង្គម៖ កាលពីពេលថ្មីៗនេះគណនីហ្វេសប៊ុកដែលមានឈ្មោះ NaNy Ya និងសឿ ស៊ីយួន បានចែករំលែកពីទុក្ខលំបាកដោយសារជីវភាពខ្វះខាតក្នុងគ្រួសាររបស់សិស្សប្រុសម្នាក់របស់គាត់ ឈ្មោះ តី សុតែក រៀនថ្នាក់ទី២(ក) នៃសាលាបឋមសិក្សាត្រពាំងប្រីយ៍។

ជាមួយនឹងឯកសណ្ឋានទៅរៀនដែលមានសភាពចាស់ និងថែមទាំងគ្មានសូម្បីស្បែកជើងពាក់ផងនោះ កំពុងធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គមអាសូរដល់ក្មេងប្រុសរូបនេះជាខ្លាំង។ រាល់ថ្ងៃ សុតែក រស់នៅជាមួយនឹងម្តាយ និងជីតា ដោយឪពុកបានស្លាប់ និងម្តាយដើរឃ្វាលគោ ចំណែកឯជីតាពិការជើង។
ដោយស្ថានភាពក្នុងគ្រួសារបែបនេះហើយទើប សុតែក ខ្វះខាតគ្រប់យ៉ាងមិនមានសូម្បីស្បែកជើងមួយគូពាក់ទៅរៀន។ ទោះជាយ៉ាងណា ការអំពាវនាវតាមបណ្តាញសង្គម ពេលនេះសប្បុរសជនជាច្រើនបាននាំយកថវិកា និងសម្ភារសិក្សា ក៏ដូចជាគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់គ្រួសារ តី សុតែក ដើម្បីជួយសម្រួលដល់ជីវភាពសព្វថ្ងៃផងដែរ៕



