
ហុងកុង៖ បុរសជនជាតិហុងកុងវ័យ ៦០ឆ្នាំម្នាក់មានអាជីពជាសត្តឃាតរយៈពេល ២៤ឆ្នាំមកហើយ ប៉ុន្តែដោយសារការធ្វេសប្រហែសទើបបុរសដែលមានឈ្មោះ Thai ត្រូវបាត់បង់ជីវិតមួយរំពេច។ តាមរយៈឧប្បត្តិហេតុនេះបានកើតឡើងនៅសត្តឃាតដ្ឋាន Shangshui ក្រុងហុងកុង កាលពីខែមុនដោយដំបូងឡើយបុរសឈ្មោះ Thai មានតួនាទីសម្លា ប់ជ្រូកធ្វើតាមដំណាក់កាលដូចរាល់ដង។

ប៉ុន្តែលើកនេះ នៅពេលលោកប្រើឧបករណ៍ឆក់ជ្រូករួច នឹកស្មានតែសត្វជ្រូកមួយក្បាលនោះងាប់ទើបលោកលើកកាំបិតប្រវែង ៤០សង់ទីម៉ែត្រប្រុងបន្តទៅដំណាក់កាលបន្ទាប់ ប៉ុន្តែភ្លាមៗសត្វជ្រូកនោះបែរងើបឡើងវិញរើបំរាស់យ៉ាងកំរោល និងធាក់ត្រូវលោកមួយជើងដួលផ្ងារមុតកាំបិតត្រង់ជើងខាងឆ្វេងហូរឈាមដូចទឹកបាក់ទំនប់។
Thai បានព្យាយាមរត់ចេញក្រៅដើម្បីឱ្យក្រុមការងារជួយ ប៉ុន្តែបានតែបន្តិចក៏ដួលសន្លប់លែងដឹងខ្លួន និងពេលបញ្ជូនទៅដល់មន្ទីរពេទ្យលោកក៏បានផុតដង្ហើមដោយសារបាត់បង់ឈាមខ្លាំងពេក។ យោងតាមសម្តីលោក Hua បានឱ្យដឹងថា ជាធម្មតាការងារនេះត្រូវធ្វើគ្នា ២នាក់ដោយម្នាក់ជាអ្នកកាន់ឧបករណ៍ឆក់ និងម្នាក់ទៀតជាអ្នកកាន់កាំបិត ដូចនេះប្រសិនមានករណីជ្រូករើបំរាស់ឡើងវិញ អ្នកកាន់ឧបករណ៍ឆក់អាចគ្រប់គ្រងស្ថានការណ៍បានភ្លាម។
លោកបានបន្ថែមថា លោកពិតជាមិនយល់ថាហេតុអ្វីទើបលោក Thai ធ្វើការងារនេះតែម្នាក់ឯង។ គួរបញ្ជាក់ដែរថា នេះជាករណីកម្រមិនងាយកើតឡើងឡើយ និងជាដំណឹងដ៏គូរឱ្យភ្ញាក់ផ្អើលបំផុត ចំណែកឯនាយកដ្ឋានអនាម័យ និងចំណីអាហារហុងកុងបានចូលរួមរំលែកទុក្ខដល់គ្រួសាររបស់លោក Thai ផងដែរ៕

