
សៀមរាប៖ បន្ទាប់ពីបញ្ចប់បេសកកម្មការងារសង្គមធំៗមួយចំនួនពេលនេះ Sai បានងាកមកចាប់ផ្តើមការងារសិល្បៈវិញបណ្តើរៗហើយមិនថាការសរសេរបទចម្រៀង ឬ ការងារសិល្បៈផ្សេងៗឡើយ។ ទន្ទឹមនឹងនោះ ពេលនេះ Sai បានប្តូរទៅរស់នៅខេត្តសៀមរាប ដោយលោកបានបញ្ជាក់ថា បរិយាកាសនៅទីនោះអាចមានអំណោយផលដល់សុខភាពរបស់លោកច្រើនជាង។

Sai បានផុសរូបប៉ុន្មានសន្លឹកពីទិដ្ឋភាពផ្ទះដែលលោកបានរើចូលដែលជាការជួសជុលឡើងវិញត្រឹមមួយជាន់ មានដើមឈើតូចធំលម្អជុំវិញផ្ទះ និងថែមទាំងមានទីធ្លាធំទូលាយមើលទៅសាមញ្ញៗប៉ុន្តែបរិយាកាសវិញពិតជាស្រស់ស្រាយគួរឱ្យចង់រស់នៅ។ ជាមួយនឹងការចាប់ផ្តើមឡើងវិញនេះដែរ តារាប្រុសរូបនេះក៏សង្ឃឹមថានឹងមានអ្វីថ្មីសម្រាប់អ្នកគាំទ្រឆាប់ៗនេះផងដែរ។
គួរបញ្ជាក់ដែរថា ផ្ទះដែល Sai បានផ្លាស់ទៅរស់នៅខេត្តសៀមរាបនេះដែរគឺជាការសម្រេចបំណងប្រាថ្នាមួយដ៏មានន័យបំផុតក្នុងជីវិតរបស់លោកដែលមានផ្ទះសម្បែងរស់នៅជាគោលដៅឡើងវិញបើទោះជាលែងមានវត្តមានឪពុកដែលបានចែកឋានទៅមិនបានឃើញភាពជោគជ័យរបស់ខ្លួនក៏ដោយ៕









