Southampton បានបណ្តេញអ្នកចាត់ការទូទៅរបស់ខ្លួន ពោលគឺលោក Nathan Jones បន្ទាប់ពីដឹកនាំក្លិប Premier League នេះបានត្រឹមតែ ៩៥ថ្ងៃប៉ុណ្ណោះ។
លោក Jones ដែលមានអាយុ ៤៩ ឆ្នាំចាកចេញ បន្ទាប់ពីដឹកនាំឱ្យពួកគេ នៅបាតតារាង Premier League បន្ទាប់ពីការចាញ់ក្រុម Wolves ដែលសល់គ្នាត្រឹមតែ ១០នាក់។ គ្រូបង្វឹកសញ្ជាតិវែលស៍ បានចាញ់ ៩ប្រកួតក្នុងចំណោម ១៤ ប្រកួត បន្ទាប់ពីចូលបម្រើការងារនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២។
កំណត់ត្រានោះរាប់បញ្ចូលទាំងការបរាជ័យចំនួន ៨ប្រកួតក្នុងចំណោម ៩ប្រកួតក្នុងការប្រកួតក្របខណ្ឌ Premier League និងការចាញ់ក្នុងដីខ្លួនឯង ចំនួន៤ប្រកួតជាប់ៗគ្នានៅកីឡដ្ឋាន St Mary’s ។ គាត់គឺជាអ្នកចាត់ការទូទៅនៅ Premier League ទី៨ ដែលត្រូវបានបណ្តេញចេញនៅរដូវកាលនេះ។
គ្រូជំនួយ Chris Cohen និង Alan Sheehan ក៏បានចាកចេញពីក្លិបផងដែរ ខណៈគ្រូបង្វឹក Ruben Selles នឹងទទួលបន្ទុកបណ្ដោះអាសន្ន ពេលជួបជាមួយ Chelsea នៅក្នុងការប្រកួតបន្ទាប់៕