ចំណេះដឹង៖ ខែកុម្ភៈ គឺជាខែដែលគ្រប់គ្នាប្រារព្ធបុណ្យនៃក្តីស្រឡាញ់ដែលសូកូឡា បាច់ផ្កា គឺជារបស់ដ៏ពេញនិយមដែលមានការប្រើប្រាស់ភាគច្រើនសម្រាប់ចែករំលែកក្តីស្រឡាញ់ដល់មនុស្សជុំវិញខ្លួន។ ផ្ទុយទៅវិញ តើមានមនុស្សប៉ុន្មាននាក់ដែលដឹងពីប្រវត្តិបុណ្យនៃក្តីស្រឡាញ់ដែលតែងប្រារព្ធរៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ?
សម្រាប់ថ្ងៃមួយនេះ យោងតាមទេវកថានៃចក្រភពរ៉ូមបានឱ្យដឹងថា អធិរាជ Claudius II បានចេញបញ្ជាថា បុរសដែលនៅលីវនឹងអាចបំពេញតួនាទីជាទាហានបានប្រសើរជាងបុរសដែលមានប្រពន្ធ ឬ គ្រួសារ ដូចនេះតាមច្បាប់ត្រូវបានហាមប្រាមមិនឱ្យទាហានណារៀបការឡើយ។
ច្បាប់មួយនេះត្រូវបានបូជាចារ្យម្នាក់នៅវិហារកាតួលិកឈ្មោះ Saint Valentine បំពានដោយលួចរៀបចំពិធីមង្គលការឱ្យទាហានម្នាក់ស្ងាត់ៗ។ ក្រោយមករឿងមួយនេះបានបែកធ្លាយទៅដល់អធិរាជ Claudius II ដោយទ្រង់ខ្ញាល់ជាខ្លាំងនឹងសម្រេចកាត់ទោសប្រហារជីវិត Valentine នៅថ្ងៃទី១៤ ខែកុម្ភៈ។
ទោះជាយ៉ាងណា ប្រវត្តិនៃទេវកថាមួយនេះមិនមានប្រភពច្បាស់ការណាមួយបញ្ជាក់ឡើយ យោងតាមរឿងព្រេងមួយបានឱ្យដឹងថា Valentine ត្រូវបានកាត់ទោសប្រហារជីវិតដោយសារលោកបានលួចដោះលែងអ្នកទោសម្នាក់ជាឪពុករបស់មិត្តស្រីលោក ដោយសារមិនអាចទ្រាំមើលការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃចំពោះគាត់ ទីបំផុត Valentine ត្រូវបានចាប់ខ្លួនដើម្បីកាត់ទោសទៅតាមច្បាប់។
អ្នកប្រាជ្ញចុងក្រោយ Jack B. Oruch សាស្រ្តាចារ្យភាសាអង់គ្លេសនៅសាកលវិទ្យាល័យ Kansas បានអះអាងថា Chaucer ជាអ្នកផ្លាស់ប្តូរគំនិតមហាជនដោយ “បានបង្កើត” ទិវានៃក្តីស្រឡាញ់ ដែលធ្វើឱ្យថ្ងៃឈប់សម្រាកក្លាយជាការប្រារព្ធពិធីដែលយើងស្គាល់វានៅថ្ងៃនេះ។ Chaucer ក៏ជាអ្នកសរសេរកំណាព្យស្នេហានោះនៅថ្ងៃទី ១៤ ខែកុម្ភៈ ផងដែរ ហើយមិនយូរប៉ុន្មាន មនុស្សបានចាប់ផ្តើមសរសេរ និងផ្លាស់ប្តូរសំបុត្រស្នេហា ដើម្បីអបអរថ្ងៃបុណ្យនៃក្តីស្រឡាញ់ នេះបើយោងតាមកាសែត New York Times ។
មកដល់ពាក់កណ្តាលសតវត្សទី១៩ ទិវាបុណ្យនៃក្តីស្រឡាញ់កាន់តែទទួលបានការចាប់អារម្មណ៍ដោយបុរសៗនៅក្នុងសម័យ Victorian បានតាមចែចង់ស្ត្រីដោយផ្កា រីឯលោក Richard Cadbury បានចាប់ផ្តើមច្នៃសូកូឡាជារាងបេះដូងដំបូងគេ។
ចូលមកដល់ដើមទសវត្សរ៍ឆ្នាំ១៩១០ ក្រុមហ៊ុនអាមេរិកមួយបានចាប់ផ្តើមចែកចាយជាផ្លូវការ “Valentine’s Day cards” ។ ចាប់តាំងពីពេលនោះមក ប្រវត្តិសាស្ត្របានផ្លាស់ប្តូរទាំងស្រុង Valentine’s Day មិនត្រឹមតែពេញនិយមនៅសហរដ្ឋអាមេរិក និងអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែបានរីករាលដាលពាសពេញពិភពលោកតែម្តង៕