
កម្សាន្ត៖ គ្រាន់តែសក់ឡើងស្កូវពេញក្បាល Shu Qi ត្រូវបានគេរិះគន់រឿងសម្រស់ធ្លាក់ចុះមិនតិចឡើយ។ យ៉ាងណាមិញ ក្នុងកិច្ចសម្ភាសន៍ជាមួយ Elle តៃវ៉ាន់កាលពីពេលថ្មីៗនេះ តារាស្រីវ័យ ៤៦ឆ្នាំរូបនេះបានឱ្យដឹងថា នាងជាមនុស្សម្នាក់ដែលខ្ចិល និងចូលចិត្តញ៉ាំ ទោះជាយ៉ាងណានាងមិនដែលបណ្តោយខ្លួនខ្លាំងពេកទេ ហើយគីឡូដែលនាងនឹងអនុញ្ញាតិឱ្យឡើងខ្លាំងបំផុតគឺត្រឹម ៥គីឡូប៉ុណ្ណោះ។

Shu Qi បានបន្ថែមថា ទោះជាយ៉ាងណានាងមិនមែនជាប្រភេទមនុស្សដែលឈ្លក់វង្វេងនឹងសម្រស់ទៀតឡើយព្រោះនាងយល់ថាមានមនុស្សជាច្រើននៅលើពិភពលោកនេះដែលមានសម្រស់ស្អាតៗច្រើន ដូចនេះគួរមើលថែខ្លួន និងមានវិន័យចំពោះខ្លួនឱ្យបានល្អ ហើយនាងមិនឈឺក្បាលចំពោះពាក្យរិះគន់រាល់ពេលដែលនាងបង្ហាញខ្លួនឡើយ។
Shu Qi បានបញ្ជាក់ថា នាងមានបញ្ហាអាលែកហ្សីស្បែកអស់រយៈពេលជាច្រើនឆ្នាំ ហើយវាធ្វើទុក្ខខ្លាំងបំផុតគឺនៅពេលយប់ដែលធ្វើឱ្យនាងមិនអាចគេងបានឡើយ។ នាងបានស្វែងរកគ្រប់វិធីសាស្ត្រដើម្បីព្យាបាលប៉ុន្តែបញ្ហាស្បែកនេះបានបាត់ត្រឹមបណ្តោះអាសន្នប៉ុណ្ណោះ។
អាលែកហ្សីស្បែកនេះដែរបានធ្វើឱ្យមុខរបស់នាងឡើងហើមដែលវាធ្វើឱ្យប៉ះពាល់ដល់ការងារនាងផងដែរ ហើយនេះគឺជាហេតុផលដែលនាងបានកាត់បន្ថយការងារជាច្រើនដើម្បីទុកពេលឱ្យស្បែកមានសុខភាពរឹងមាំឡើងវិញផងដែរ៕

