
សៀមរាប៖ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានមុខប្រាសាទបាពូន មានរៀបចំពិធីក្រុងពាលី គម្រោង(ភូមិខ្ញុំ) ក្រោមវត្តមានលោក សុខ សង្វារ សមាជិកគណៈកម្មការកណ្តាល ស.ស.យ.ក និងជាប្រធានក្រុមការងារគម្រោងភូមិខ្ញុំ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រានឆ្នាំ២០២៣។

គម្រោង(ភូមិខ្ញុំ) នឹងត្រូវបើកបង្ហាញខ្លួនទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលទស្សនានៅថ្ងៃចូលឆ្នាំថ្មី ទី១៤-១៥-១៦ ខែមេសា ដែលត្រូវនឹងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយឆ្នាំនេះក៏ជាខួបទី១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្តផងដែរ។
លោក សុខ សង្វារ ប្រធានគម្រោងភូមិខ្ញុំភូមិសុខសាន្ត បានបញ្ជាក់ឱ្យដឹងថា ឆ្នាំនេះភូមិខ្ញុំគ្រោងរៀបចំឱ្យមាន៨ទស្សនីយភាពធំៗដូចជា៖ ១- ផ្ទះមរតកដូនតា ២- ផ្ទះនំខ្មែរ ៣- សាលាឆទាន ៤- ផ្សារខ្មែរ ៥- ឆាកធំ ៦- រោង DJ ៧- វត្ថុយក្ស និង ៨- រោងសប្បកម្ម។

លោកប្រធានគម្រាង បានមានប្រសាសន៍បន្តទៀតថា ឆ្លងតាមរយៈការដាក់បង្ហាញនូវគម្រោងធំៗខាងលើនេះ ត្រូវបានជួយលើកតម្កើងដល់វប្បធម៌ខ្មែរ ជាពិសេសជួយដល់សេដ្ឋកិច្ចបងប្អូនដែលរស់នៅខេត្តសៀមរាបផងដែរ មិនត្រឹមតែប៉ុណ្ណោះជួយថែរក្សាទំលាមទំលាប់ខ្មែរយើង និងផ្តល់ឱ្យមហាគ្រួសារខ្មែរទាំងមូលក្នុងឱកាសចូលឆ្នាំបានជួបជុំគ្នា សប្បាយជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្នុងនោះដែរ លោកបានកោតសរសើរដល់ក្រុមការងារកាន់គម្រោងនីមួយៗនៅក្នុងភូមិខ្ញុំ ហើយលោកបានចុះមើលទីតាំងជាក់ស្តែងបន្ថែមទៀត ធ្វើយ៉ាងណាជំរុញការសាងសង់ឱ្យទាន់មុនថ្ងៃព្រឹត្តិការណ៍មកដល់ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនានៅក្នុងតំបន់អង្គរជាពិសេសទស្សនាខេត្តសៀមរាបទាំងមូល៕




