×

ធ្លាប់តែរកមិនបាន ៣០០ដុល្លារផងក្នុងមួយសប្តាហ៍ ប៉ុន្តែចាប់តាំងពីក្លាយជាមិត្តស្រី Ronaldo មកជីវិត Georgina ផ្លាស់ប្តូរទាំងស្រុង

កម្សាន្ត៖ ជាមិត្តស្រីដែលស្រលាញ់គ្នាជាមួយកីឡាករបាល់ទាត់ដ៏ឆ្នើម Ronaldo តាំងពីឆ្នាំ ២០១៧មកម្ល៉េះ ជីវិតរបស់ Influencer សញ្ជាតិអេស្ប៉ាញ Georgina Rodoguez ធ្លាប់តែរកបានប្រាក់កម្រៃមិនដល់ ៣០០ដុល្លារផងក្នុងមួយសប្តាហ៍ពីការងារជាអ្នកប្រឹក្សាផ្នែកលក់ក្នុងហាងលក់ទំនិញម៉ាកល្បីមួយនៅ Madrid។

យ៉ាងណាមិញ បន្ទាប់ពីចាប់ផ្តើមមានទំនាក់ទំនងជាមួយកីឡាករឆ្នើម Ronaldo មកជីវិតរបស់តារាស្រីរូបនេះបានផ្លាស់ប្តូរទាំងស្រុងដោយពេលនេះនរណាៗក៏ដឹងដែរថា Georgina ជាមិត្តស្រីរបស់កីឡាករបាល់ទាត់លំដាប់ពិភពលោក Ronaldo ជាហេតុធ្វើឱ្យអ្នកគាំទ្រកីឡាករបាល់ទាត់រូបនេះនាំគ្នាចុច Follow នាងរហូតកើនចំនួន Followers ដល់ ៤៦.៥លាននាក់ឯណោះ ដែលនេះជាចំនួនដ៏ខ្ពស់ និងជាឱកាសដែលធ្វើឱ្យនាងអាចរកប្រាក់តាមរយៈបណ្តាញសង្គមបានយ៉ាងច្រើនសន្ធឹក។

គ្រាន់តែ Georgina ផុស Story មួយនាងអាចរកបានប្រាក់ជាង ១២៨០០ដុល្លារ និងការផុសនៅលើ New Feed វិញនាងអាចរកបានជាង ៦ម៉ឺនដុល្លារ។ បន្ថែមពីនេះផងដែរ សម្រាប់ការចូលរួមក្នុងកម្មវិធីល្បីៗវិញតារាស្រីរូបនេះស៊ីថ្លៃមិនតិចជាង ១សែនដុល្លារឡើយ រីឯការថតផ្សព្វផ្សាយផលិតផលវិញក៏ស៊ីថ្លៃមិនណយដែរ។ ជាក់ស្តែង Georgina បានចុះកុងត្រាជាមួយហ្វេសិន Bologna ថ្លៃជួលនាងត្រូវចំណាយប្រមាណជាង ៤២៧៥០០ដុល្លារ មិនរាប់បញ្ចូលថ្លៃចូលរួមសម្ពោធផលិតផលថ្មីរបស់ម៉ាកយីហោឡើយ។

ទោះបីជាពេលនេះ នាងអាចរកប្រាក់ចំណូលបានខ្ពស់ក៏ដោយ ប៉ុន្តែ Georgina បានឱ្យដឹងថា ដោយសារនាងធ្លាប់ក្រ ដូចនេះនាងមិនអាចភ្លេចពេលវេលាដែលធ្លាប់លំបាកឡើយ ហើយការដែលបានធ្វើជាមិត្តស្រីរបស់ Ronaldo ធ្វើឱ្យនាងទទួលបានឱកាសច្រើនក្នុងការរកប្រាក់។

គួរបញ្ជាក់ដែរថា ស្រីស្អាតរូបនេះតែងទទួលរងនូវពាក្យរិះគន់ថា ការដែលនាងនៅក្បែរ Ronaldo គ្រាន់តែចង់បានផលប្រយោជន៍ពីកីឡាកររូបនេះប៉ុណ្ណោះ។ ទោះជាយ៉ាងណានាងបានបញ្ជាក់ថា នាងមិនឈឺចាប់នឹងសម្តីទាំងនោះឡើយ ព្រោះនាងរីករាយដែលបានធ្វើមិត្តស្រីរបស់ Ronaldo ហើយអ្វីដែលនាងផ្តោតសំខាន់ពេលនេះគឺស្វែងរកតុល្យភាពរវាងការងារ និងជីវិតគ្រួសារតែប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង