ភ្នំពេញ៖ វ័យកាន់តែជ្រេ ហ៊ិន ចន្ទនីរ័ត្ន កាន់តែលេងខ្លួនខ្លាំង ជាពិសេសសូម្បីស្ទាយថតរូបក៏កាន់តែទាក់ទាញកាច់រាងប្លែកជាងមុនឆ្ងាយ។ តារាស្រីធ្មេញច្រពើសរូបនេះ បានសាងប្រជាប្រិយភាពរហូតទទួលបានភាពល្បីល្បាញប្រចាំប្រទេសកម្ពុជា បន្ទាប់ពីប្រឡូកក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ ប៉ុន្តែបើក្រលេកមើលពីរូបសម្រស់វិញ ហ៊ិន ចន្ទនីរ័ត្ន នៅតែថែសម្រស់បានក្មេងជាងវ័យដដែល។
ទាំងមានរូបសម្រស់ស្រស់ស្អាត និងជោគជ័យជាមួយការងារសិល្បៈ ប៉ុន្តែតារាស្រីរូបនេះ ហាក់មិនទាន់លេចឮដំណឹងចូលរោងការដូចសិល្បករឯទៀតនៅឡើយ។ ទោះជាយ៉ាងណា កន្លងមកនាង ក៏ធ្លាប់បោះតម្រុយឱ្យដឹងថាកំពុងមានចំណងស្នេហាជាមួយបុរសម្នាក់ តែនាងមិនបានបង្ហាញមុខឱ្យឃើញឡើយ។
គួរបញ្ជាក់ដែរថា ក្រៅពីមានទេពកោសល្យជាពិធីការិនីហើយ ហ៊ិន ចន្ទនីរ័ត្ន ក៏មានទេពកោសល្យខាងសម្តែងផងដែរ។ ជាក់ស្តែងនាងក៏មានវត្តមានចូលរួមសម្តែងភាពយន្តប្រវត្តិសាស្ត្រដែលជាជីវប្រវត្តិពិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី” ជាមួយសិល្បករជាច្រើនរូបទៀតផងដែរ៕