តៃវ៉ាន់៖ ចាប់តាំងពីទទួលបានប្រជាប្រិយភាពខ្លាំងក្នុងរឿង F4 កាលពីឆ្នាំ ២០០១មក តារាសម្តែងប្រុសតៃវ៉ាន់ Jerry Yan នៅតែរក្សាសម្រស់ និងរូបរាងក្មេងជាងវ័យបើទោះជាពេលនេះលោកមានវ័យ ៤៦ឆ្នាំហើយក៏ដោយ ហើយតារាប្រុសរូបនេះត្រូវបានគ្រប់គ្នាដឹងថា លោកជាតារាម្នាក់ដែលរក្សាឯកជនភាពខ្ពស់បំផុត។
ដូចនេះឆ្លៀតឱកាសក្នុងកម្មវិធីកម្សាន្តមួយនៅប្រទេសចិន Jerry ត្រូវបានសួរនាំពាក់ព័ន្ធនឹងវិធីគ្រប់គ្រងអារម្មណ៍ឱ្យមានតុល្យភាពផងដែរ។ គ្រាន់តែឮសំណួរនេះភ្លាម Jerry បានឆ្លើយយ៉ាងរំភើយថា “សាមញ្ញបំផុត! ខ្ញុំមិនប្រើប្រាស់ទូរស័ព្ទឡើយ”។
“ខ្ញុំយល់ថា ទូរស័ព្ទគឺមានគុណសម្បត្តិ និងគុណវិបត្តិ។ ក្នុងសម័យបច្ចុប្បន្ន អ្នកអាចទទួលបានព័ត៌មានជាច្រើននៅលើពិភពលោកនេះ ខ្ញុំយល់ថាពេលខ្លះរឿងទាំងនេះងាយស្រួលនឹងរំខានដល់ជីវិតរស់នៅប្រចាំថ្ងៃ ដូចនេះខ្ញុំកម្រនឹងប្រើប្រាស់ទូរស័ព្ទណាស់ ហើយខ្ញុំក៏មិនអានព័ត៌មានណាមួយសម្រាប់ជាការកម្សាន្តដែរ”។
ចំណុចទាំងនេះហើយទើបធ្វើឱ្យ Jerry ហាក់មានសុខភាព និងស្មារតីល្អគួរឱ្យកត់សម្គាល់។ គួរបញ្ជាក់ដែរថា បើទោះជាវ័យកាន់តែច្រើនក៏ពិតមែនប៉ុន្តែ Jerry ហាក់មិនខ្វាយខ្វល់រឿងសាងគ្រួសារដូចសមាជិកក្រុម៣រូបទៀតដែលធ្លាប់សម្តែងរឿង F4 ជាមួយគ្នាឡើយ។ ផ្ទុយទៅវិញ លោកផ្តោតសំខាន់តែរឿងការងារដែលធ្វើឱ្យលោកនៅតែមានទីផ្សារសិល្បៈមិនដាច់ឡើយ៕