
ភ្នំពេញ៖ “របាំគ្រុឌ” ជាទម្រង់របាំសហសម័យខ្មែរដែលបានសិក្សាស្រាវជ្រាវ និងបង្កើតឡើងដោយអ្នកស្រី ហ៊ុន ប៉ែន ដែលជានាដការីដ៏ឆ្នើមបានទម្រង់បង្កើតថ្មី បំបែកចេញពីលក្ខណៈមូលដ្ឋានរបាំក្បាច់ខ្មែរពីសម័យមុន ទាំងបច្ចេកទេស គតិបណ្ឌិត និងទស្សនៈ ដោយរក្សាទុកនូវអត្តសញ្ញាណ និងបុគ្គលិកលក្ខណៈខ្មែរនាសម័យទំនើប។

“របាំគ្រុឌ” ជាទម្រង់សហសម័យខ្មែរនេះ សម្ដែងអំពីឥទ្ធិពល និងអំណាចរបស់តួអង្គគ្រុឌ ដែលប្រើប្រាស់ស្លាបរបស់នាងសម្រាប់បង្ហាញពីសេរីភាព ភ្នែកសម្រាប់ទស្សនៈវិស័យខ្ពស់ ព្រហ្មវិហារធម៌ និងក្តីស្រឡាញ់។ ដងខ្លួនសម្រាប់ឥរិយាបថពត់ពេនប្រកបដោយភាពទំនើប និងទន់ភ្លន់ រីឯជើង និងកំភួនជើង គឺសម្រាប់អំណាច សេចក្តីក្លាហាន ការប្តេជ្ញា និងការតស៊ូដ៏មុះមុត។
អង្គសំខាន់ទាំង៤រួមផ្សំចូលគ្នាបានបង្កើតនូវភាពជឿជាក់ដ៏មុះមុត និងភាពម្ចាស់ការឯករាជ្យមួយរបស់នាង។ នាងរាំពោរពេញដោយថាមពលដល់កំពូលនៃការប្តេជ្ញាតស៊ូ ភាពក្លាហាន សេចក្តីស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងភាពសប្បាយរីករាយ នៅពេលដែលនាងបានរកឃើញ និងតស៊ូយកបានត្រឡប់មកវិញនូវអត្តសញ្ញាណផ្ទាល់ខ្លួន សេរីភាព សេចក្តីស្រឡាញ់ ភាពជឿជាក់ និងភាពម្ចាស់ការលើខ្លួនឯង។
របាំមួយនេះ ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមលាន់មាត់សរសើរគ្រប់គ្នាពីកាយវិការដ៏រស់រវើកបានទស្សនាហើយពិតជាជក់ចិត្តដិតអារម្មណ៍ជាពន់ពេក។ ចង់ដឹងថា “របាំគ្រុឌ” រាំដោយអ្នកស្រី ហ៊ុន ប៉ែន គួរឱ្យចាប់អារម្មណ៍ដល់កម្រិតណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕








ទស្សនាវីដេអូខាងក្រោម៖