
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់នៅថ្ងៃទី២៧ ខែកុម្ភៈនេះថា ស្ថានភាពជំងឺផ្តាសាយបក្សី H5N1 នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ប្រទេសកម្ពុជា ពេលនេះ កំពុងស្ថិតក្រោមការ គ្រប់គ្រងហើយ។

បើតាមលោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា មានតែ ២ករណីនៃ H5N1 ត្រូវបានរកឃើញមកទល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍ ក្នុងនោះ ក្មេងស្រីម្នាក់ (អាយុ ១១ឆ្នាំ ៦ខែ) បានទទួលមរណភាព ហើយឪពុករបស់នាង បានបញ្ជាក់ ថា មានផ្ទុកមេរោគ H5N1 ក្រោមការមើលថែទាំ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក។
លោកស្រី បានឱ្យដឹងថា បន្ទាប់ពីព្យាបាលគាត់ វត្ថុសំណាកបន្ថែមរបស់គាត់ត្រូវបានយកទៅធ្វើតេស្ត និងទទួលបានលទ្ធផលអវិជ្ជមាន ទទួលព័ត៌មាននៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ប៉ុន្តែគាត់នៅតែស្ថិតក្នុងមន្ទីរពេទ្យ ដើម្បីបញ្ចប់វគ្គព្យាបាលរបស់គាត់តាមពិធីការនៃការប្រើប្រាស់ថ្នាំ។
លោកស្រី បានឱ្យដឹងបន្ថែមថា សរុបវត្ថុសំណាកចំនួន ២៩ (អ្នកប៉ះពាល់ផ្ទាល់ ១៦នាក់ និង អ្នកមានជំងឺដូចជាគ្រុនផ្តាសាយ ១៣នាក់) ដែល ប្រមូលបានដោយក្រុមអង្កេតស្រាវជ្រាវ ត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។
ជាមួយគ្នានេះ លោកស្រី ក៏បានអំពាវនាវពលរដ្ឋ សូមបន្តការប្រុងប្រយ័ត្ន និងដើម្បីសុវត្ថិភាពផ្ទាល់ សូមអនុវត្តវិធានការការពារដោយលាងដៃជាមួយសាប៊ូ និងទឹកស្អាតឱ្យបានទៀងទាត់ មិនត្រូវប៉ះ ឬនៅឱ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ បរិភោគអាហារឆ្អិនល្អ… ជាដើម។ បើមានករណីសង្ស័យ សូមរាយការណ៍មកអាជ្ញាធរសុខាភិបាលមូលដ្ឋាន ឬ បើមានរោគសញ្ញាសង្ស័យ ត្រូវទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យក្បែរនោះ ឬទូរស័ព្ទទៅលេខ ១១៥៕

