
អត្ថបទ៖ លោក ហ៊ន សុភ័ក្រ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារជាសំឡេងនាថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ២០២៣នេះ ផ្ញើជូនផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលពេលនេះកំពុងមានវត្តមាននៅប្រទេសបារាំង និងសូមផ្ញើជូនរដ្ឋមន្ត្រីស្តីទី និងមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទទួលខុសត្រូវខាងសត្វ។

សម្តេច បានបញ្ជាក់ថា «ប៉ុន្មានថ្ងៃនេះ មានពាក់ព័ន្ធទៅនឹងការចាប់យកសត្វក្ងោកដែលប្រជាពលរដ្ឋបានចិញ្ចឹម »។ សម្តេចបានបញ្ជាក់ថា «ពលរដ្ឋបានស្រែករកខ្ញុំដើម្បីជួយបញ្ហានេះ ខ្ញុំក៏មិនដឹងថា អស់លោកចាប់ដោយមូលហេតុអ្វីនោះទេ ប៉ុន្តែរឿងរ៉ាវផ្សេងៗសុំទុកមួយឡែក ប៉ុន្តែខ្ញុំសុំចេញបញ្ជាជាបន្ទាន់ចំពោះអ្នកទទួលខុសត្រូវដែលបានយកសត្វដែលចេញពីផ្ទះក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះ សូមយកទៅជូនដល់ផ្ទះវិញតែម្ដង »។
សម្តេចបញ្ជាក់ថា «ខ្ញុំមិនយល់ស្របចំពោះទង្វើបែបនេះទេ យើងគួរតែលើកទឹកចិត្តឲ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ប្រសើរជាងចាប់យកពីប្រជាពលរដ្ឋដែលខំចិញ្ចឹមយកទៅទុកកន្លែងមួយដែលមិនយូរប៉ុន្មានដែលសត្វនេះនឹងស្លាប់ប្រសិនបើខ្វះការថែទាំ និងខ្វះការយកចិត្តទុកដាក់»។
សម្តេចក៏បានលើកឡើងបន្ថែមថា «មុននេះខ្ញុំក៏បានចិញ្ចឹមសត្វក្ងោកច្រើនដែរ ប៉ុន្តែខ្ញុំបារម្ភពីចៅៗរបស់ខ្ញុំ ខ្ញ៉ំក៏បានឲ្យយកសត្វក្ងោកនោះយកទៅទុកនៅកូនប្រុសរបស់ខ្ញុំវិញ»។
សម្តេចតេជោ បានបញ្ជាក់ថា គ្មានហេតុផលណាមួយដែលត្រូវទៅចាប់យកសត្វក្ងោកដែលពលរដ្ឋចិញ្ចឹមនោះទេ។
សម្តេចក៏បានបញ្ជាក់ថា «សុំឲ្យធ្វើវិសោធនកម្ម លុបចោលនៅកថាខណ្ឌណាដែលពាក់ព័ន្ធទៅនឹងចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋ ដែលយើងគួរលើកទឹកចិត្តប្រជាពលរដ្ឋឲ្យចិញ្ចឹម ផ្ទុយពីការរារាំង »។ សម្តេចបានបញ្ជាក់ថា «បានទទួលបទបញ្ជានេះហើយ សូមឲ្យមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សុំដឹកជញ្ជូនសត្វទាំងនោះទៅដល់ផ្ទះប្រជាពលរដ្ឋវិញឲ្យបានឆាប់ គឺធ្វើនៅថ្ងៃទី២៨នេះតែម្ដង ទទួលបានបទបញ្ជានេះ សូមអនុវត្តភ្លាម គ្មានការរង់ចាំនេះបញ្ជារបស់ជានាយករដ្ឋមន្ត្រី ដែលមិនអាចមិនអនុវត្តបានឡើយ»៕



