ចិន៖ ស្ត្រីម្នាក់ស្រែកយំយកៗបន្ទាប់ពីចូលដល់ក្នុងបន្ទប់ឃើញផលិតផលថែរក្សាសម្រស់ និងគ្រឿងសម្អាងម៉ាកល្បីទាំងអស់របស់ខ្លួនខ្ទេចខ្ទីអស់គ្មានសល់ក្រោមស្នាដៃកូនប្រុសបងប្អូនជីដូនមួយរបស់នាងដែលបានទៅលេងផ្ទះ។
ស្ត្រីរូបនោះបានឱ្យដឹងថា កាលនាងនៅក្មេងឪពុកម្តាយរបស់នាងតែងបង្រៀនជានិច្ចថាមិនត្រូវប៉ះពាល់របស់របរអ្នកដទៃដោយគ្មានការអនុញ្ញាតិឡើយ ហើយនាងក៏យល់ថាអ្នកដទៃប្រាកដជាយល់ឃើញបែបនេះដែរ ប៉ុន្តែផ្ទុយស្រលះពីការគិតដោយនាងមានការយល់ច្រលំទាំងស្រុងបន្ទាប់ពីឃើញទិដ្ឋភាពលើតុសម្អាងរញ៉េរញ៉ៃបែបនេះ។
យ៉ាងណាមិញ ផលិតផលទាំងនោះត្រូវបានស្ត្រីរូបនោះបញ្ជាក់ថានាងទើបទិញមកថ្មីៗ និងទើបប្រើបានប៉ុន្មានដងតែប៉ុណ្ណោះ របស់ខ្លះនាងប្រើដោយសន្សំសំចៃបំផុតព្រោះវាមានតម្លៃថ្លៃចំណែកឯតម្លៃសរុបនៃផលិតផលទាំងអស់យ៉ាងហោចណាស់ក៏ប្រមាណ ៣ពាន់ដុល្លារផងដែរ។
ដោយមិនអាចទទួលយកបាន ស្ត្រីរូបនោះបានទាមទារឱ្យបងប្អូនជីដូនមួយរបស់នាងសងថ្លៃខូចខាត ប៉ុន្តែត្រូវបានបដិសេដដោយពួកគេបាននិយាយថា ក្មេងមិនដឹងអី និងរពឹសបែបនេះហើយ មិនត្រឹមតែប៉ុណ្ណោះពួកគេថែមទាំងបោះពាក្យសម្តីបកមកវិញថា “អាយុជាង ៣០ឆ្នាំហើយនៅមិនទាន់រៀបការ តើប្រើប្រាស់របស់ថ្លៃបែបនេះធ្វើអី?”
គួរបញ្ជាក់ដែរថា ចុងក្រោយឪពុកម្តាយរបស់ក្មេងបានសងសំណង ៧០០ដុល្លារដើម្បីបញ្ចប់បញ្ហា។ ក្រោយរឿងនោះបានចែករំលែកឡើងលើបណ្តាញសង្គម មហាជនមួយចំនួនបានលើកឡើងថា នាងមិនគួរទទួលសំណងទឹកប្រាក់ប៉ុណ្ណឹងឡើយ ទោះបីជាសាច់ញាតិនឹងគ្នាក៏ដោយប៉ុន្តែប្រសិនការខូចខាតធ្ងន់ធ្ងរបែបនេះគួរតែរកដំណោះស្រាយតែប្រសើរជាងនេះដើម្បីទុកជាមេរៀនដល់ពួកគេកុំឱ្យបញ្ហាបែបនេះកើតឡើងចំពោះអ្នកដទៃពេលក្រោយ៕