×

សើចចុកពោះជាមួយកម្មវិធីសំណើចថ្មីចំនួន៣ ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍CTN និងMyTVតែមួយគត់

ជាចំណងដៃនៅដើមឆ្នាំ២០២៣នេះ ស្ថានីយទូរទស្សន៍ CTN និង MyTV បានពាំនាំនូវទស្សនីយភាពថ្មីប្លែក ជាមួយកម្មវិធីកំប្លែងថ្មីដល់ទៅ ៣ កម្មវិធី។

ចាប់ពីដើមខែមីនានេះតទៅ ទស្សនិកជនរបស់ CBS នឹងបានផ្ទុះសំណើចជាមួយកម្មវិធីថ្មីទាំង ៣ រួមមាន៖

១. “ឪក្មេកប្អូន កូនប្រសារបង”

២. “តុកឡុក”

៣. “រមាស់មាត់”

“ឪក្មេកប្អូន កូនប្រសារបង” គ្រាន់តែឮឈ្មោះក៏ដឹងដែរថាប្លែក ព្រោះកូនប្រសារមានអាយុច្រើនជាងឪពុកក្មេក។ ក្នុងសាច់រឿងនេះ លោកតាវ៉ិចទ័រ បានសម្ដែងជាតួអង្គកូនប្រសារ ខណៈនាយក្រូច សម្ដែងជាតួឪពុកក្មេក។ ទស្សនិកជន នឹងបានការផ្ទុះសំណើចជាមួយកម្មវិធីដែលមានរយៈពេលមួយម៉ោងពេញ ហើយសាច់រឿង ក៏បានបង្កប់នូវការអប់រំ ដើម្បីកសាងគ្រួសារមួយដ៏មានសុភមង្គលផងដែរ។

កម្មវិធីនេះ មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង៩-១០យប់ និងចាក់ផ្សាយឡើងវិញ នៅរៀងរាល់ថ្ងៃចន្ទ វេលាម៉ោង១-២រសៀល។ ការចាក់ផ្សាយនឹងចាប់ផ្ដើមពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣តទៅ។

សម្រាប់កម្មវិធី “តុកឡុក” ទស្សនិកជននឹងបានប្លែកអារម្មណ៍ជាមួយសាច់រឿងថ្មី ដែលសម្ដែងដោយកំពូលតារាងកំប្លែង នាយគ្រឿន ដែលដើរតួជាកូនរបស់គ្រួសារនាយក្រូច និងយាយតយ។ សម្ដែងជាតួអង្គ “តុកឡុក” នាយគ្រឿន នឹងធ្វើឱ្យទស្សនិកជនសើចចុកពោះជាមួយភាពប៉ិនប្រសប់កំប្លុកកំប្លែងរបស់គាត់ ដែលទស្សនិកជនមិននឹកស្មានដល់។

កម្មវិធីនេះ មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង១១-១១:៣០នាទីព្រឹក និងចាក់ផ្សាយឡើងវិញនៅថ្ងៃអង្គារ ចាប់ពីម៉ោង១-១:៣០នាទីរសៀល។ ការចាក់ផ្សាយ នឹងចាប់ផ្ដើមនៅថ្ងៃទី៤ ខែមីនាតទៅ។

ងាកមកកម្មវិធីមួយទៀតគឺ “រមាស់មាត់” ជាកម្មវិធីដែលមានរយៈពេល១ម៉ោង ដែលផ្ដោតទៅលើប្រធានបទសង្គម គ្រួសារ ដែលតួអង្គរបស់យើងនឹងនាំគ្នាជីកកកាយនៅតុកាហ្វេ ដែលបានបង្កឱ្យបរិយាកាសសប្បាយរីករាយមិនចេះជិនណាយសម្រាប់ទស្សនិកជនពីសំណាក់ នាយគ្រឿន ពាក់មី ក្រូច នីឡា ជាដើម។

កម្មវិធីនេះ នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង៨-៩យប់ និងមានចាក់ផ្សាយឡើងវិញ នៅថ្ងៃចន្ទ ចាប់ពីម៉ោង១-២រសៀល។ ការចាក់ផ្សាយ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែមីនាតទៅ។

ដូច្នេះសូមទស្សនិកជន កុំភ្លេចរង់ចាំទស្សនាកម្មវិធីសំណើចថ្មីទាំង៣នេះ នៅលើកញ្ចក់ទូរទស្សន៍ CTN និង MyTV តែមួយគត់ ដែលនឹងមានចាក់បញ្ចាំងចាប់ពីថ្ងៃសុក្រនេះតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង