×

កាលពី២០ឆ្នាំមុននៅថ្ងៃនេះ បណ្ដាញទូរទស្សន៍កម្ពុជា CTN ត្រូវបានសម្ពោធជាផ្លូវការ

ការផ្សាយដំបូងរបស់យើងជាបណ្តាញទូរទស្សន៍ក្នុងស្រុកបានចាប់ដំណើរការ ហើយបានក្លាយទៅជាបណ្តាញទូរទស្សន៍កម្ពុជាដំបូងគេដែលបានផ្សាយនៅក្រៅប្រទេសក្នុងរយៈពេលត្រឹម១ឆ្នាំ និងបន្តក្លាយជាសមាជិកនៃសម្ព័ន្ធទូរទស្សន៍កម្ពុជា និងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា ហៅកាត់ CBS។

ក្នុងរយៈពេល២០ឆ្នាំនៃប្រតិបត្តិការផ្សាយរហូតមកដល់បច្ចុប្បន្ន យើងបានផ្តល់នូវកម្មវិធីប្រកបដោយគុណភាពជាច្រើនដល់ទស្សនិកជនផ្សេងៗគ្នា។ វត្តមានរបស់ CTN បានផ្លាស់ប្តូរ និងអភិវឌ្ឍជីវិតរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើន តាមរយៈកម្មវិធីកម្សាន្ត អប់រំ និងកម្មវិធីបង្កប់នូវតម្លៃជំរុញទឹកចិត្ត ដែលធ្វើឱ្យការផ្សាយរបស់យើងក្លាយជាវេទិកាទំនាក់ទំនងដ៏មានឥទ្ធិពលបំផុត។

កម្មវិធីរបស់យើងមានចាប់ពីការប្រគំតន្ត្រី និងព្រឹត្តិការណ៍លំដាប់អន្តរជាតិ ដូចជា Ronan Keating, Michael Learns to Rock, Sean Kingstone និងតារា កូរ៉េ K-Pop ហើយយើងទទួលបានសិទ្ធិផ្តាច់មុខផ្សាយព្រឹត្តិការណ៍កីឡាដ៏ធំបំផុតមួយចំនួននៅលើពិភពលោក ដូចជា ពាន់រង្វាន់បាល់ទាត់ពិភពលោក FIFA ពាន់រង្វាន់លីគកំពូលរបស់អង់គ្លេស (English Premier League) ពានរង្វាន់បាល់ទាត់យូរ៉ូ UEFA EURO Championship ។ យើងក៏បានទទួលសិទ្ធិផ្តាច់មុខផលិតក្នុងស្រុកដោយជោគជ័យនូវកម្មវិធីហ្គេម “ព្រម ឬព្រម (Deal or No Deal)” ដែលជាកម្មវិធីលំដាប់ពិភពលោក ហើយមានកម្មវិធីជាច្រើនទៀត ដូចជា “ហ្គេមសេដ្ឋី (Who Wants to be a Millionaire)” “តើអ្នកឆ្លាតជាងសិស្សថ្នាក់ទី៥ដែរឬទេ (Are You Smarter Than a 5th Grader)” និងកម្មវិធីចម្អិនអាហារ “Master Chef Khmer” ដែលសុទ្ធតែជាកម្មវិធីលំដាប់ពិភពលោក។

CTN ក៏បានក្លាយជាផ្នែកមួយរបស់ក្រុមហ៊ុន CBS និងទទួលបានសមិទ្ធផលដ៏លេចធ្លោ ជាមួយនឹងការបណ្តាក់ទុនរួមគ្នាថ្មីមួយរវាងសាជីវកម្មប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចំនួនបី ដើម្បីបង្កើត “សម្ព័ន្ធទូរទស្សន៍កម្ពុជា”។ “សម្ព័ន្ធទូរទស្សន៍កម្ពុជា” គឺជាសមិទ្ធផលដ៏សំខាន់បំផុតមួយសម្រាប់ក្រុមហ៊ុនរបស់យើង ដែលជួយពន្លឿនកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឌីជីថលភាវូបនីយកម្ម ដើម្បីជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីឧស្សាហកម្មជំនាន់ ៤.០ នៅប្រទេសកម្ពុជា ក្នុងការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងការបើកដំណើរការវេទិកាទូរទស្សន៍ឌីជីថលតែមួយ តាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបំពេញបេសកកម្មរបស់ខ្លួន ក៏ដូចជាដើម្បីជំរុញរាល់បណ្ដាញផ្សព្វផ្សាយរបស់ឯកជននិងរដ្ឋ ឱ្យផ្លាស់ប្តូរពីការផ្សាយបែបអាណាឡូក ទៅជាការផ្សាយលើថ្នាលទូរទស្សន៍ឌីជីថលវិញផងដែរ។

នៅដើមឆ្នាំ២០២៣នេះ CTN បានបន្តពាំនាំនូវកម្មវិធីកម្សាន្ត កីឡា និងរឿងភាគល្បីៗជាច្រើនទៀត ដើម្បីចែកជូនទស្សនិកជន ដូចជាកម្មវិធីសំណើច ឪពុកក្មេកប្អូន កូនប្រសារបង, កម្មវិធីសំណើច តុក ឡុក, កម្មវិធី Saturday Night Live Let’s Party, ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស (EPL), រឿងភាគ ព្រះម៉ែ ទេវី និងរឿងភាគ និស្ស័យស្មេហ៍បេះដូង៤ ព្រមទាំងកម្មវិធីថ្មីៗដែលនឹងមានជាបន្តបន្ទាប់ផងដែរ។

ពួកយើងទន្ទឹងរង់ចាំក្នុងការបន្តបង្កើតមាតិកា និងខ្លឹមសារដ៏មានអានុភាព និងបំផុសគំនិត ក៏ដូចជាការផ្តល់ព័ត៌មាន ការអប់រំ និងការកម្សាន្តដល់ទស្សនិកជនផ្សេងៗគ្នាក្នុងឆ្នាំខាងមុខ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង