×

ការងារសិល្បៈត្រូវបានជាប់គាំងគ្រប់ច្រកល្ហកចាប់តាំងពី Matt ជាប់ឈ្មោះជាជនទី៣

ថៃ៖ Matt Peeranee ត្រូវបានគ្រប់គ្នាសង្ស័យថានាងជាជនទី៣ បំបែកចំណងអាពាហ៍ពិពាហ៍តារាសម្តែង Aff Taksaorn និង Song Kran ប៉ុន្តែបន្ទាប់ពីផ្ទុះពាក្យចចាមអារ៉ាមនេះឡើងទាំង Song Kran ទាំង Matt បានចេញមុខបដិសេធភ្លាម។ ទន្ទឹមនឹងនោះ Aff បានសម្រេចនាំកូនស្រីរើចេញពីផ្ទះ Song Kran ដោយចិញ្ចឹមកូនតែម្នាក់រហូតនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ អ្នកទាំងពីរបានផ្តិតមេដៃលែងលះគ្នាជាផ្លូវការ។

អ្វីដែលធ្វើឱ្យមហាជននាំគ្នាហួសចិត្តនោះគឺ បន្ទាប់ពីផ្តិតមេដៃបញ្ចប់ចំណងអាពាហ៍ពិពាហ៍នឹងគ្នាជាផ្លូវការបាន ៥ថ្ងៃ Song Kran បានបណ្តើរ Matt ទៅប្រទេសន័រវែសវិស្សមកាលជាមួយគ្នាធ្វើមិនដឹង រហូតក្នុងខែវិច្ឆិកា ឆ្នាំដដែល Song Kran បានប្រកាសថាលោកបានតាមចែចង់ Matt ដោយនាងមិនមែនជាជនទី៣ឡើយ។

ជាការបញ្ជាក់ថាខ្លួនមិនមែនជាជនទី៣នោះនៅឆ្នាំ ២០២០ Matt បានដាក់ពាក្យប្តឹងអ្នកនិយមលេងបណ្តាញសង្គមដើម្បីការពារកេរ្តិ៍ជាហេតុធ្វើឱ្យគ្រប់គ្នារឹតតែស្អប់នាងកាន់តែខ្លាំងជាពិសេសនៅពេលដែលនាងផុសរូបគូជាមួយ Song Kran តែម្តង។ ទោះជាពេលវេលាកន្លងផុតទៅអស់រយៈពេលជាង ៤ឆ្នាំហើយក៏ពិតមែនក៏តារាស្រីរូបនេះនៅតែជាប់ឈ្មោះជាជនទី៣ រហូតមិនថាក្នុងវិស័យសម្តែង ឬ ការថតផ្សព្វផ្សាយផលិតផលឡើយ គឺគ្មានអ្នកណាហ៊ានសហការការងារជាមួយនាងឡើយ។

ការងារសិល្បៈរបស់ Matt ត្រូវបានជាប់គាំងគ្រប់ច្រកល្ហក។ អ្វីដែលមិននឹកស្មានដល់នោះ បន្ទាប់ពីផ្ទុះរឿងចែកផ្លូវគ្នារវាងតារាសម្តែងលំដាប់កំពូល Aum Patcharapa ជាមួយសេដ្ឋី Pok ទៀតសោត Matt បានក្លាយជាមុខសញ្ញាដែលត្រូវបានគ្រប់គ្នាដាក់បន្ទុកថានាងជាជនទី៣ ក្រោយរូបភាពរាំកាន់ដៃគ្នារវាងនាង និងសេដ្ឋី Pok ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមចែករំលែកតៗគ្នា។

រឿងមួយនេះត្រូវបានគ្រប់គ្នាបង្វែរព្រួញទៅ Matt រហូតធ្វើឱ្យនាងនៅមិនសុខក៏បានឆាតទៅ Aum ដើម្បីធ្វើការសូមទោស និងបកស្រាយកុំឱ្យមានការយល់ច្រលំថែមទៀត។ គិតមកដល់ពេលនេះ Matt នៅតែជាតារាស្រីដែលត្រូវបានគ្រប់គ្នាស្អប់បំផុត ថែមទាំងជាប់ឈ្មោះជាជនទី៣ ចាំជ្រៀតជ្រែងគូស្នេហ៍ណាដែលកំពុងផ្អែមល្ហែមខណៈទំនាក់ទំនងរវាងនាង និង Song Kran ធ្លាប់មានពាក្យចចាមអារ៉ាមជារឿយៗថាកំពុងមានភាពរកាំរកូសផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង