×

Man Utd ស៊ុត៤គ្រាប់ទៅលើReal Betis ក្រោយត្រលប់ពីចាញ់ Liverpool ៧-០

ក្រុមបិសាចក្រហម Manchester United បានតាំងស្មារតីជាក្រុមសាជាថ្មី ក្រោយត្រឡប់ពីបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងរបស់ក្រុមហង្សក្រហម Liverpool ដោយលទ្ធផល ៧-០ នៅក្របខណ្ឌ Premier League កាលពីចុងសប្ដាហ៍មុន ស្របពេលដែលពួកគេបានយកឈ្នះក្រុម Real Betis ដោយលទ្ធផល ៤-១ ក្នុងជើងទីមួយ វគ្គ ១៦ ក្រុមចុងក្រោយ នៃក្របខណ្ឌ Europa League ។

United បានកត់ត្រាកំណត់ត្រាអាក្រក់បំផុតចាប់តាំងពីឆ្នាំ១៩៣១ ក្នុងការចាញ់ ៧-០ នៅកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ។ ដូច្នេះ លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម បានឆ្លើយតបនឹងបរាជ័យនេះ ដោយបានដាក់កូនក្រុមកាលលេងទល់នឹង Liverpool ក្នុងការជួបគ្នាជាមួយ Real Betis ។

លោក Ten Hag បាននិយាយថា៖ “នេះជាអ្វីដែលយើងត្រូវធ្វើ បន្ទាប់ពីទទូលរងបរាជ័យ” “នេះមិនមែនជាលើកទីមួយទេនៅរដូវកាលនេះ។ វាជាលើកទី ៥ ឬ ទី៦ ដែលពួកយើងធ្វើបានល្អសាជាថ្មី បន្ទាប់ពីត្រលប់ពីបរាជ័យវិញ។”

Marcus Rashford បានផ្ដល់ការនាំមុខសម្រាប់ Man Utd នៅនាទីទី៦ ប៉ុន្តែ Betis បានតាមស្មើវិញនៅពេលដែល Ayoze Perez ស៊ុតពីជ្រុងដំបូលទូក នៅនាទីទី៣២។ ចូលដល់វគ្គទីពីរ Antony បានទាត់ចូលនៅនាទីទី៥២ មុន Bruno Fernandes តែតបញ្ចូលទីបន្ថែមនៅ៦នាទីបន្ទាប់។ បន្ទាប់មក ខ្សែប្រយុទ្ធចំណូលថ្មី Wout Weghorst រកបានគ្រាប់ទីពីររបស់គាត់ ក្នុងការបង្ហាញខ្លួន ១៥ លើកសម្រាប់ United ពេលនៅសល់៦នាទីចុងក្រោយនៃការប្រកួត។

ការប្រកួតជើងទីពីរ វគ្គ១៦ក្រុមចុងក្រោយ រវាងក្រុមទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា នៅក្នុងដីរបស់ Real Betis ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង