×

Nadech សារភាពត្រង់ៗថា លោកធ្លាប់ជាមនុស្សម្នាក់ដែលប្រចណ្ឌខ្លាំង មិនចង់ឮ Yaya សរសើរបុរសណានៅចំពោះមុខលោកឡើយ

ថៃ៖ Nadech Kugimiya បានសារភាពត្រង់ៗនៅក្នុង Vlog របស់តារាសម្តែង Nicky Nachat ថាលោកធ្លាប់ជាមនុស្សម្នាក់ប្រចណ្ឌខ្លាំង និងមានអារម្មណ៍មិនសប្បាយចិត្តមួយរំពេចនៅពេលដែលគូស្នេហ៍របស់លោកសរសើរបុរសផ្សេងនៅចំពោះមុខលោក។

Nadech បាននិយាយដោយមិនលាក់លៀមថា “លោកធ្លាប់ច្រណែនជាមួយមិត្តជិតស្និទ្ធរបស់ Yaya ដែលមានភេទផ្ទុយគ្នា ដោយលោកចង់ឱ្យនាងទុកលោកជាមនុស្សសំខាន់ជាងគេ ប៉ុន្តែលោកយល់ថាទង្វើបែបនេះហាក់បីដូចជាអាត្មានិយម ហើយវាមិនល្អឡើយដូចនេះលោកក៏បានចាប់ផ្តើមគិតពីចំណុចនេះឡើងវិញ”។

ទោះជាយ៉ាងណា Nadech ថាលោកមានភាពក្លាហាននឹងមើលភាពយន្តដែល Yaya សម្តែងដោយសារលោកយល់ថានេះគឺជាការងារ ប៉ុន្តែប្រសិនក្រៅពីការងារវិញលោកមិនចង់ឱ្យ Yaya រំឭកពីបុរសណាច្រើនឡើយ។ នៅពេលដែល Nicky Nachat សួរថាប្រសិនជាមួយ Mario Mauere វិញតើយ៉ាងណាដែរ?

Nadech បាននិយាយថា Mario គឺជាបុរសដែលលោកប្រចណ្ឌជាមួយ Yaya ជាងគេព្រោះ Yaya ធ្លាប់សរសើរ Mario មិនដាច់ពីមាត់ថានាងមិនធ្លាប់ឃើញមនុស្សប្រុសដែលទាក់ទាញ និងសង្ហា បែបនេះពីមុនមកទេ។ Nadech បានបន្ថែមទៀតថា នាងថាលោកសង្ហាតែ Mario វិញពិតជាមិនដឹងសរសើរបែបណាឱ្យស័ក្តសម។ គ្រាន់តែឮពាក្យមួយម៉ាត់នេះភ្លាម Nadech ព្យាយាមយល់ស្របតាម Yaya ប៉ុន្តែក្នុងចិត្តវិញខំប្រឹងទប់អារម្មណ៍ជាខ្លាំង។

គួរបញ្ជាក់ដែរថា ទំនាក់ទំនងរយៈពេល ១១ឆ្នាំរវាងតារាសម្តែងលំដាប់កំពូលទាំង២ កាន់តែផ្អែមល្ហែមខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃរហូតធ្វើឱ្យអ្នកគាំទ្ររង់ចាំយ៉ាងអន្ទះសាថ្ងៃដែល Nadech សុំ Yaya រៀបការផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង