អត្ថបទ៖ វឿន សាវុធ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋដែលមានបំណងបើកបរចេញចូលផ្លូវល្បឿនលឿន ដោយមិនចាំបាច់រង់ចាំ បានវិលត្រឡប់មកវិញសាជាថ្មីម្តងទៀត។
ក្រសួងសាធារណការ បញ្ជាក់ថា ការផ្តល់ជូនពិសេសនេះ នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែមីនា រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។
សូមបញ្ជាក់ថា ដើម្បីទទួលយកនូវការបំពាក់ឧបករណ៍ ETC-OBU ដោយឥតគិតថ្លៃនេះ ប្រជាពលរដ្ឋអាចអញ្ជើញទៅធ្វើការចុះឈ្មោះ នៅមណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬគ្រប់បណ្តាស្ថានីយផ្លូវល្បឿនលឿន ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់មកជាមួយ។
ចំពោះឯកសារតម្រូវ(ច្បាប់ដើម)រួមមាន អត្តសញ្ញាណបណ្ណ, វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) និង បណ្ណសម្គាល់យានជំនិះ(កាតគ្រី)៕