ភ្នំពេញ៖ ទើបភ្ជាប់ពាក្យថ្ងៃមុនសោះ ធ្មេចបើកៗបវរកញ្ញាចក្រវាលឆ្នាំ២០២១ ងិន ម៉ារ៉ាឌី កាន់តែកៀកថ្ងៃចូលរោងការហើយដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះជាមួយគូដណ្តឹងបណ្តូលចិត្តដែលនាងតែងបង្ហាញឱ្យឃើញនៅលើបណ្តាញសង្គមដល់អ្នកគាំទ្របានស្គាល់មុខមាត់ដ៏សង្ហាររបស់អនិកជនរូបនេះ។
បវរកញ្ញាសម្តីផ្អែមរូបនេះកំពុងធ្វើឱ្យមនុស្សមិនតិចនាក់ឡើយប្រាថ្នាចង់បានជីវិតគូដូចនាង ដោយនាងបានផុសរូបក្នុងឈុតរៀបការភ្ជាប់ជាមួយប្រយោគបែបនេះថា “នារីគ្រប់រូបតែងតែប្រាថ្នាចង់បាន មិត្តល្អ សង្សារល្អ ប្តីល្អ និងស្នេហាស្មោះត្រង់ ប៉ុន្តែអ្នកនឹងមានសំណាងបំផុតប្រសិនរបស់ទាំងអស់នោះមានក្នុងខ្លួនបុរសតែម្នាក់”។
គួរបញ្ជាក់ដែរថា មិនត្រឹមតែអ្នកគាំទ្រប៉ុណ្ណោះទេដែលនាំគ្នាចូលរួមអបអរសាទរដល់នាងក្នុងនោះក៏មានសិល្បករដែលជាពិសេសក្រុមបវរកញ្ញាដូចគ្នាតែម្តងកំពុងត្រៀមខ្លួនសប្បាយមួយអស់ដៃក្នុងពិធីមង្គលការរបស់បវរកញ្ញារូបនេះ៕