×

ធ្លាប់តែរងពាក្យរិះគន់ថាមិនខ្វាយខ្វល់ពីកូន តែស្ងាត់ៗប្រទះឃើញ Yang Mi ទៅដល់ហុងកុងមហាជនសង្ស័យទៅសួរសុខទុក្ខកូន

ហុងកុង៖ បន្ទាប់ពីបញ្ចប់ចំណងអាពាហ៍ពិពាហ៍កាលពីខែធ្នូ ឆ្នាំ២០១៨មកតារាសម្តែងស្រីល្បីឈ្មោះ Yang Mi បានរងពាក្យរិះគន់មិនសំចៃមាត់ថាជាម្តាយមិនល្អមិនខ្វាយខ្វល់ និងមើលថែកូនស្រីដោយនាងចាត់ទុកការងារជាធំ។

ផ្ទុយទៅវិញគ្រប់គ្នាបាននាំគ្នាសរសើរតារាប្រុស Hawick ថាជាឪពុកល្អសុខចិត្តទុកការងារមួយឡែកដើម្បីមានពេលវេលាមើលថែកូនស្រីតូចដោយសារ Noemie aka ស្ថិតក្រោមការមើលថែរបស់លោកនៅហុងកុង។

ខណៈពេលដែល Yang Mi ជាប់ឈ្មោះជាម្តាយមិនល្អ កាលពីសប្តាហ៍មុនរូបភាពរបស់នាងជាមួយឪពុកម្តាយបានចូលស្នាក់នៅក្នុងសណ្ឋាគារនាទីក្រុងហុងកុងត្រូវបានចែកចាយពេញបណ្តាញសង្គមដែលធ្វើឱ្យគ្រប់គ្នាជឿថា នាងធ្វើដំណើរទៅសួរសុខទុក្ខកូនស្រីបន្ទាប់ពីខកខានរយៈពេល ៣ឆ្នាំមកនេះ។

អ្នកនិយមលេងបណ្តាញសង្គមបានចូលរួមផ្តល់មតិថា “នៅលើលោកនេះគ្មានម្តាយណាដែលមិនស្រលាញ់កូនរបស់ខ្លួនឡើយ”។ រីឯមតិខ្លះបានលើកឡើងថា “ដោយសារនាងមិនផុសរូបរាល់ពេលទៅសួរសុខទុក្ខកូនស្រី មិនមែនបានន័យថានាងមិនបានទៅសួរសុខទុក្ខកូនស្រីរបស់នាងឡើយ”។

អ្នកនិយមលេងបណ្តាញសង្គមបានសង្កត់ធ្ងន់ថា ទោះបីជា Yang Mi មិនសូវបាននៅក្បែរកូនស្រីក៏ពិតមែនប៉ុន្តែនាងព្យាយាមមានទំនាក់ទំនងជាមួយ Noemie ដែលពេលនេះមានអាយុ ៨ឆ្នាំហើយ ជាក់ស្តែងអតីតឪពុកក្មេករបស់នាងធ្លាប់និយាយនៅក្នុងបទសម្ភាសមួយបញ្ជាក់ថា ម្តាយកូនទាំង២តែងជជែកគ្នាតាមវីដេអូខលជារឿយៗ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង