×

កីឡាករម៉ិកស៊ិក Sergio Pérez ឈ្នះការប្រណាំងរថយន្ត F1 ទីលាន Saudi Arabian Grand Prix

កីឡាករម៉ិកស៊ិក Sergio Pérez បានទទួលជ័យជំនះនៅក្នុងការប្រណាំងរថយន្ត F1 កម្មវិធី Saudi Arabian Grand Prix។

ជាការពិត ការប្រកួតនេះបានធ្វើឡើងកាលពីថ្ងៃអាទិត្យ នាទីលានដែលមានឈ្មោះថា Jeddah Corniche Circuit ស្ថិតនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយកីឡាករទាំងអស់ ត្រូវធ្វើការជិះចំនួន៥០ជុំទីលាន សរុបចម្ងាយផ្លូវប្រមាណ 308.450 គីឡូម៉ែត្រ។

ក្នុងនោះ Sergio Pérez មកពីក្រុម Red Bull Racing បានចូលដល់ទីព្រ័ត្រ ប្រើពេលអស់ ១ម៉ោង ២១នាទី និង១៤វិនាទី ចុច៨៩៤។ កីឡាករហូឡង់ Max Verstappen មកពីក្រុម Red Bull Racing ទទួលបានចំណាត់ថ្នាក់លេខ២ យឺតជាង ៥វិនាទី ចុច៣៥៥ ហើយកីឡាករអេស្ប៉ាញ Fernando Alonso មកពីក្រុម Aston Martin Aramco ទទួលបានចំណាត់ថ្នាក់លេខ៣ យឺតជាង ២០វិនាទី ចុច៧២៨។

នៅតារាងពិន្ទុសរុប មកទល់ពេលនេះគឺ Max Verstappen នៅឈរកំពូលតារាង មាន៤៤ពិន្ទុ ខណៈ Sergio Pérez នៅលេខ២ មាន ៤៣ពិន្ទុ ហើយ Fernando Alonso នៅលេខ ៣មាន ៣០ពិន្ទុ។

សូមបញ្ជាក់ថា កម្មវិធី Saudi Arabian Grand Prix គឺជាដំណាក់កាលទី ២ ក្នុងចំណោម ២៣ នៃការប្រណាំងរថយន្ត F1 ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៣។

ការប្រកួតជាបន្តដំណាក់កាលទី៣ ជាកម្មវិធី Australian Grand Prix ធ្វើឡើងនាទីក្រុង Melbourne ប្រទេសអូស្ត្រាលី ថ្ងៃទី ២ ខែមេសា ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង