×

អ្នកវាយកូនបាល់ Carlos Alcaraz យកបានតំណែងជើងឯកកម្មវិធី Indian Wells Masters 2023

ការប្រកួតវាយកូនបាល់កម្រិត ATP Tour Masters 1000 កម្មវិធី Indian Wells Masters 2023 បានបញ្ចប់ជាស្ថាពរហើយ ក្រោយពីដំណើរការរយៈពេល ២សប្តាហ៍កន្លងមក នាទីក្រុង Indian Wells រដ្ឋ California សហរដ្ឋអាមេរិក។

ជាក់ស្តែង ក្រោយបញ្ចប់ការប្រកួតនេះ គេក៏បានរកឃើញអ្នកឈ្នះជើងឯក នៃកម្មវិធីផងដែរ នោះគឺកីឡាករដែលកំពុងឈរចំណាត់ថ្នាក់លេខ២ពិភពលោក មកពីប្រទេសអេស្ប៉ាញ Carlos Alcaraz ដោយរូបគេបានយកឈ្នះកីឡាករដែលកំពុងឈរចំណាត់ថ្នាក់លេខ៦ពិភពលោកមកពីប្រទេសរុស្ស៊ី Daniil Medvedev នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ តាមរយៈលទ្ធផល 6-3 និង 6-2 ចាយពេលអស់ ១ម៉ោង ១០នាទី។

វាជាការឈ្នះពានរង្វាន់កម្រិត ATP Tour Masters 1000 ជាលើកទី៣ក្នុងអាជីពរបស់ Carlos Alcaraz បន្ទាប់ពីធ្លាប់ឈ្នះពានរង្វាន់ Miami Open និង Madrid Open កាលពីឆ្នាំ២០២២ រួចមក។

ជ័យជម្នះនេះដែរ ក៏នឹងធ្វើឱ្យកីឡាករវ័យ១៩ឆ្នាំ វិលទៅកាន់កាប់ចំណាត់ថ្នាក់លេខ១ពិភពលោកឡើងវិញ នៅពេលដែលតារាងចំណាត់ថ្នាក់កីឡាករវាយកូនបាល់ពិភពលោក ធ្វើការផ្លាស់ប្តូរនៅថ្ងៃចន្ទនេះ។ Carlos Alcaraz ធ្លាប់ជាកីឡាករវ័យក្មេងជាងគេឈរចំណាត់ថ្នាក់កំពូលពិភពលោក កាលពីខែកញ្ញា កន្លងទៅ។

សូមបញ្ជាក់ថា កម្មវិធី Indian Wells Masters ២០២៣ គឺជាការដំណើរការលើកទី ៤៩ ក្នុងប្រវត្តិសាស្ត្រ ហើយសម្រាប់ជើងឯកនៃកម្មវិធីនឹងទទួលបានប្រាក់រង្វាន់ប្រមាណ ១លាន ២សែន ដុល្លារឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង