
សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលទៅទស្សនាថ្ងៃរះនៅចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៨.៧២៦ នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួនប្រមាណ ២.២២៦ នាក់។ នេះបើយោងតាមរាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។

បន្ថែមលើព្រឹត្តិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏បានទស្សនានូវការប្រារព្ធព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គីជ័យកីឡា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃអង្គព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី នាថ្ងៃដដែលផងដែរ។
ព្រឹត្តិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត កើតឡើង២ដងក្នុងមួយថ្ងៃ ពោលគឺនៅខែមីនា និងនៅខែកញ្ញាម្ដងទៀត។ បើយោងតាមវេបសាយបរទេសមួយ ឈ្មោះ The Mornings បានចុះផ្សាយថា ប្រាសាទអង្គរវត្តគឺជាទីកន្លែងដ៏ល្អបំផុតសម្រាប់ការទស្សនាថ្ងៃរះ៕