
ថៃ៖ ប៉ុន្មានថ្ងៃនេះផ្ទុះពាក្យចចាមអារ៉ាមធ្វើឱ្យសារព័ត៌មានចុះផ្សាយព្រោងព្រៀតពីការប្រេះឆាចំណងអាពាហ៍ពិពាហ៍ ២២ឆ្នាំរវាងតារាសម្តែងចាស់វស្សា Kejmanee និងស្វាមី ទោះជាយ៉ាងណាអ្នកទាំង២មិនទាន់បានចេញមុខបកស្រាយពីពាក្យដែលមហាជនកំពុងនាំគ្នាខ្សឹបខ្សាវនេះឡើយ។

អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះគឺរៀងរាល់ឆ្នាំនៅថ្ងៃទី២៧ ខែមករា តារាប្រុសស្រី Kejmanee និង Jetrin តែងផុសរូបដើម្បីរម្លឹកថ្ងៃខួបអាពាហ៍ពិពាហ៍ដែលអ្នកទាំង ២បានសាងគ្រួសារជាមួយគ្នា។ គិតត្រឹមឆ្នាំដែលអ្នកទាំង២បានសាងគ្រួសាររួមគ្នាឡើងមានរយៈពេល ២២ឆ្នាំហើយប៉ុន្តែបើក្រលេកមើលឆ្នាំដែលអ្នកទាំង២បានស្រលាញ់គ្នានោះមានរយៈពេលរហូតដល់ ២៨ឆ្នាំហើយ។
ក្រោយផ្ទុះពាក្យចចាមអារ៉ាមថាអ្នកទាំង២បានលែងលះគ្នានោះ អ្នកគាំទ្រកំពុងរង់ចាំការបកស្រាយ និងតាមដានជីវិតរបស់គូស្វាមីភរិយាមួយគូនេះផងដែរ ប៉ុន្តែថ្មីៗនេះគ្រប់គ្នាសង្កេតឃើញថារូបថតដែលអ្នកទាំង២បានផុសគម្រប់ខួបអាពាហ៍ពិពាហ៍ ២២ឆ្នាំបានលុបចោលទាំងស្រុងដែលនេះរឹតតែជាចំណុចកាន់តែសង្ស័យថាពាក្យចចាមអារ៉ាមដែលកំពុងឆេះឆួលនេះជាការពិត។
យ៉ាងណាមិញបើតាមពាក្យខ្សឹបខ្សាវមួយចំនួនបានឱ្យដឹងហេតុផលថា ការចែកផ្លូវគ្នានេះកើតឡើងដោយសារ Jetrin លួចមានជនទី៣ច្រើនលើកច្រើនសារទើបធ្វើឱ្យ Kejmanee ឆ្អែតចិត្តមិនអាចទ្រាំនឹងការរស់នៅមិនមានភាពស្មោះត្រង់ចំពោះគ្នាទៀតទើបតារាស្រីរូបនេះសម្រេចចិត្តបញ្ចប់ត្រឹមនេះ៕
