ហុងកុង៖ ដៃគូសក្តិសមគ្នាឥតខ្ចោះ Bosco Wong និង Myolie Wu ចាប់ផ្តើមមានទំនាក់ទំនងស្នេហានឹងគ្នាកាលពីឆ្នាំ ២០០៥ ប៉ុន្តែចំណងស្នេហ៍មួយនេះបានរយៈពេល ៧ឆ្នាំក៏ឈានដល់ដំណាក់កាលចែកផ្លូវគ្នាក្នុងឆ្នាំ២០១២។
បន្ទាប់ពីពេលនោះមកក្នុងឆ្នាំ ២០១៥ តារាសម្តែងស្រីវ័យ ៤៣ឆ្នាំ Myolie ក៏បានរៀបការជាមួយនឹងបុរសជាអ្នកជំនួញ Philip Lee ដោយទទួលបានកូនប្រុស ៣នាក់ហើយមកដល់ពេលនេះ។ គ្រួសាររបស់តារាស្រីរូបនេះហាក់ពោរពេញដោយសុភមង្គលជាខ្លាំងខណៈ Bosco នៅមិនទាន់អាចរកឃើញដៃគូដ៏ស័ក្តសមមកសាងគ្រួសារជាមួយនៅឡើយ។
ទោះជាក្លាយជាអតីតគូស្នេហ៍នឹងគ្នាពិតមែនប៉ុន្តែនៅក្នុងបទសម្ភាសមួយ Bosco ត្រូវបានសួរថា តើតារាស្រីរូបណាដែលលោកចង់សម្តែងជាមួយខ្លាំងបំផុតបើឱ្យជ្រើសរើសរវាង Linda Chung និង Kate Tsui? គ្រាន់តែឮសំណួរនេះភ្លាម Bosco មិនបង្អង់យូរក៏បានសួរថា ហេតុអ្វីមិនមាន Myolie?
ក្នុងបទសម្ភាសនោះ Bosco បានបញ្ជាក់ថា សម្រាប់លោកមិនមានបញ្ហាឡើយក្នុងការសម្តែងជា Myolie ប៉ុន្តែសម្រាប់នាងគឺជាប់រវល់មើលថែកូន។ នៅពេលត្រូវបានជជីកសួរថាតើអ្នកទាំង២នៅមានទំនាក់ទំនងនឹងគ្នាទៀតទេ? Bosco បានឆ្លើយទាំងមិនរួញរាថាលោកតែងផ្ញើសារទៅនាងរាល់ពេលមានបុណ្យទាន ឬ ថ្ងៃកំណើតដើម្បីនិយាយពាក្យ រីករាយថ្ងៃកំណើត ទៅកាន់នាងរៀងរាល់ឆ្នាំ។
គួរបញ្ជាក់ដែរថា Bosco គឺជាបុរសម្នាក់ដែលរើសដៃគូជីវិតខ្លាំងជាហេតុធ្វើឱ្យលោកមិនងាយនឹងពេញចិត្តនារីណាឡើយ រហូតមកទល់ពេលនេះគឺលោកសុខចិត្តនៅលីវមិនបើកបេះដូងទទួលអ្នកណាឡើយដរាបណាលោកមិនទាន់ជួបនារីដែលមានគ្រប់លក្ខខណ្ឌដែលលោកត្រូវការ៕