អាមេរិក៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ប៉ុន្មានថ្ងៃមុននេះស្ថាបនិក Meta លោក Mark Zuckerberg និងភរិយា Priscilla Chan បានស្វាគមន៍កូនស្រីទី៣ ដែលមានឈ្មោះ Aurelia Chan Zuckerberg ដែលការប្រកាសស្វាគមន៍សមាជិកថ្មីនេះទទួលបានការចាប់អារម្មណ៍ និងអបអរសាទរពីសំណាក់មហាជនជាច្រើន។
Mark បានជួបភរិយារបស់លោកដោយចៃដន្យក្នុងកម្មវិធីជបលៀងនៅសាលា Harvard ក្នុងឆ្នាំ ២០០៣ និងសម្រេចចិត្តរៀបការក្នុងឆ្នាំ២០១២។ Mark ត្រូវបានជាប់ឈ្មោះជាសេដ្ឋីលំដាប់លេខរៀងទី១៥ ទោះជាយ៉ាងណាបន្ទាប់ពីទទួលបានកូនស្រីដំបូងប្តីប្រពន្ធមួយគូនេះបានប្រកាសជាផ្លូវការថា ទ្រព្យសម្បត្តិមួយចំណែកធំនឹងត្រូវបរិច្ចាគដល់សប្បុរសធម៌។
គួររំឭកថា ក្នុងបទសម្ភាសកាលពីឆ្នាំ២០១៩កន្លងទៅ Mark Zuckerberg បានឱ្យដឹងថា លោកនឹងមិនទម្រើសកូនៗរបស់លោកឱ្យរស់នៅលើគំនរទ្រព្យសម្បត្តិនោះទេ។ នៅពេលត្រូវបានសួរសំណួរថា “តើលោកនឹងចិញ្ចឹមកូនៗដោយរបៀបណានៅពេលដែលលោកអាចផ្តល់គ្រប់យ៉ាងឱ្យពួកគេបែបនេះ?”
Mark Zuckerberg បានបញ្ជាក់ថា “ខ្ញុំយល់ថា ជាដំបូងបង្អស់ពួកយើងនឹងមិនផ្តល់គ្រប់យ៉ាងឱ្យកូនៗឡើយ ដូចកូនស្រីទាំង២របស់ខ្ញុំអ៊ីចឹង ពួកគេត្រូវធ្វើការងារផ្ទះដោយខ្លួនឯង និងមិនអាចងប់ងល់នឹងការប្រើប្រាស់របស់របរដែលជាម៉ាកល្បី ឬ រីករាយនឹងការរស់នៅលើគំនរទ្រព្យសម្បត្តិមហាសាលដោយទទេរៗមិនធ្វើអ្វីដោយខ្លួនឯងនោះឡើយ”៕