ភ្នំពេញ៖ បន្ទាប់ពីសាងគ្រួសារ និងទទួលបានកូន ៣នាក់មក តារាចម្រៀងជើងចាស់ យក់ ឋិតរដ្ឋា បានប្រែរូបរាងជាខ្លាំងចាប់ពី ៤០គីឡូក្រាមឡើងដល់ ៦០គីឡូក្រាមដែលការផ្លាស់ប្តូររូបរាងទាំងស្រុងនេះបានធ្វើឱ្យមហាជនមួយចំនួនពោលពាក្យមាក់ងាយលើរូបរាងរបស់តារាចម្រៀងរូបនេះមិនសំចៃមាត់។ ភាសាមាក់ងាយទាំងនេះបានធ្វើឱ្យ យក់ ឋិតរដ្ឋា តូចចិត្តជាខ្លាំងរហូតផុសបង្ហាញអារម្មណ៍បែបនេះថា៖
“សម្រាប់ខ្ញុំមិនខឹងនឹងគេថាយើងមិនស្អាតកាម៉ាប់ដូចជ្រូកអីទេព្រោះយើងវាម៉ាប់ពិតមែនតែមេត្តាកុំប្រើពាក្យដល់ថ្នាក់ ( មី ) អីព្រោះខ្ញុំមិនបានទៅធ្វើអីដាក់អ្នកឱ្យអ្នកមកក្តៅក្រហាយរឿងអីដែរ ដៀលខ្ញុំសុទ្ធតែមីកាជ្រូកចុះមីកាជ្រូកខ្ញុំនឹងបានទៅធ្វើអីដាក់អ្នកដែរ បានដៀលខ្ញុំអីក៏សាហាវយ៉ាងនេះលោកអើយ ហើយពេលនិយាយអ្វីទៅកាន់នរណាម្នាក់គួរតែរៀនយកចិត្តរបស់គេមកដាក់ចិត្តខ្លួនឯងខ្លះផង ខ្ញុំមិនខឹងទេអ្នកចង់ឱ្យខ្ញុំល្អបាននិយាយ តែនេះមិនមែនចង់ឱ្យល្អទេគឺឈ្នានីសច្រើនជាង តែគ្រាន់តែខ្ញុំតូចចិត្តថា ! ខ្ញុំបានធ្វើអីដាក់អ្នកឯង”។
ដោយមិនអស់ចិត្ត នៅថ្ងៃនេះតារាចម្រៀង យក់ ឋិតរដ្ឋា បានផុសបន្ថែមថា “គិតៗទៅមនុស្សយើងម្នាក់ៗមិនអាចតម្រូវចិត្តគ្រប់គ្នាបានគ្រប់យ៉ាងនោះទេ ! Am not perfect”។ គួរបញ្ជាក់ដែរថា បន្ទាប់ពីឃើញពាក្យតិះដៀលបែបនេះហើយលោក ឃុំ ប៉ុណ្ណាដែត ជាស្វាមីក៏នៅមិនស្ងៀមដោយលោកបានបញ្ចេញកំហឹងការពារភរិយារបស់ខ្លួនថា៖
“គ្រាន់តែភរិយាបស់ខ្ញុំធាត់ តើគាត់ខុសមែនទេ? ទាំងខ្លួនគាត់ត្រូវចំណាយពេលពីគ្រួសារមួយចូលក្នុងStudio ស្រែកច្រៀង ហើយមកបង្ហាញខ្លួនឱ្យគេថាឱ្យគាត់បែបនេះសួរថាតើនៅពីក្រោយការធាត់របស់គាត់មានបញ្ហាអីខ្លះ? បើអ្នកមើលភរិយាខ្ញុំមិនចូលភ្នែកអ្នកអាចអូសរំលងបាន យល់ទេ? ភរិយាខ្ញុំគាត់លក់សំលេង មិនលក់ខ្លួន លក់សម្រស់ទេ”។
ក្នុងនោះលោកបានបន្ថែមទៀតថា “ប្រយត្ន័បាបអាប្អូនស្រី ពេលមានប្តី និងមានកូនហើយមនុស្សស្រីភាគច្រើនគឺប្តូររូបរាងជារឿងធម្មតា ប្អូនមិនចូលចិត្តតែបងចូលចិត្ត មិត្តភក្ត្រ និងអ្នកគាំទ្រគាត់ចូលចិត្ត ចុងក្រោយជូនពរប្អូនសម្រស់នៅស្ថិតស្ថេរជាអមត: ជឿថាបងប្អូនស្រីៗដែលធាត់គឺគាត់យល់អារម្មណ៏មួយនេះ”។
គួរបញ្ជាក់ដែរថា ក្រៅពីលោក ឃុំ ប៉ុណ្ណាដែត និងអ្នកគាំទ្រជាច្រើនបានលើកទឹកចិត្តដល់ យក់ ឋិតរដ្ឋា ហើយក្នុងនោះក៏មានតារាចម្រៀង និងកំប្លែងឯទៀតផងដែរដូចជា លោក ជា វណ្ណារិទ្ធ កញ្ញា សុខ សីឡាលីន កញ្ញា លី អ៊ីវ៉ាធីណា លោក ម៉ាដូណា កញ្ញា គង់ ចាន់រដ្ឋា និង នាយឆ្អឹង ជាដើម៕