
ហុងកុង៖ អ្នកគាំទ្រជាច្រើនមានបំណងប្រាថ្នាចង់ជួបស្តេចកំប្លែង Stephen Chow ដោយពួកគេបានព្យាយាមទំនាក់ទំនង Stephen តាមរយៈ Comment លើរូបរបស់ស្តេចកំប្លែងរូបនេះជាដើម។ ក្នុងចំណោមអ្នកគាំទ្រជាច្រើនជុំវិញពិភពលោក YouTuber ជនជាតិម៉ាឡេស៊ី Jenn Chia ដែលជា Youtuber ល្បីឈ្មោះមួយរូបក៏ជាអ្នកគាំទ្រស្មោះស័្មគ្រម្នាក់ដែលនាងមានបំណងប្រាថ្នាធំចង់ជួប Stephen ដោយផ្ទាល់ថ្ងៃណាមួយព្រោះតារាជើងចាស់រូបនេះមានឥទ្ធិពលខ្លាំងក្នុងជីវិតរបស់នាង។

Jenn បានបញ្ជាក់ថា Stephen គឺជាមនុស្សពិសេសម្នាក់ដែលបានជះឥទ្ធិពលដល់នាងក្នុងការបង្កើតវីដេអូ និងជាគ្រូបង្រៀនភាសាកាតាំងដល់នាងតាមរយៈការសម្តែងរបស់លោកផងដែរ។ ដោយសារស្រលាញ់និមិត្តរូបរបស់ខ្លួនខ្លាំងពេក Jenn បានផុសបង្ហាញអារម្មណ៍របស់ខ្លួនថា៖ “ក្តីសុបិនរបស់ខ្ញុំគឺចង់ជួបអ្នក អ្នកគឺជាចំណែកដ៏ធំមួយដែលបានជះឥទ្ធិពលដល់ខ្ញុំក្នុងការបង្កើតវីដេអូឡើង ខ្ញុំថែមទាំងចេះភាសាកាតាំងតាមរយៈមើលការសម្តែងរបស់អ្នកទៀតផង។
អាចចាត់ទុកបានថា Jenn គឺជាអ្នកគាំទ្រម្នាក់ក្នុងចំណោមអ្នកគាំទ្រជាច្រើននាក់ដែលសំណាងបំផុតដែល Stephen បានចូលទៅ Comment លើផុសរបស់នាងបើកឱកាសថា “ពេលណាក៏បាន! តើពេលណាអ្នកអាចមកហុងកុងបាន?”
មិនបង្អង់យូរ កាលពីថ្ងៃទី២៧ ខែមីនា ប៉ុន្មានថ្ងៃមុននេះ Jenn បានធ្វើដំណើរជាមួយមិត្តប្រុសហោះឆ្ពោះទៅជួប Stephen ភ្លាម។ ពួកគេបានញ៉ាំអាហារពេលល្ងាចជាមួយគ្នា និងស្តេចកំប្លែងរូបនេះបានចុះហត្ថលេខាឱ្យ Jenn ដែលទឹកមុខរបស់ YouTuber រូបនេះរំភើបខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបានដោយមិននឹកស្មាន Stephen បានបំពេញក្តីសុបិនដែលនាងប៉ងជាយូរបែបនេះឡើយ៕









