
ហុងកុង៖ ទោះវ័យ ៤២ឆ្នាំហើយក៏ពិតមែនប៉ុន្តែ Bosco Wong នៅតែមានភាពទាក់ទាញដដែល។ បន្ទាប់ពីចែកផ្លូវគ្នាជាមួយ Myolie Wu កាលពីឆ្នាំ២០១២ ដែលទំនាក់ទំនងរបស់អ្នកទាំង២មានរយៈពេល ៨ឆ្នាំមក Bosco នៅតែរក្សាភាពនៅលីវមកទល់ពេលនេះ។

ក្នុងបទសម្ភាសកាលពីពេលថ្មីៗនេះតារាប្រុសរូបសង្ហា Bosco បានឱ្យដឹងថា ប្រហែលដោយសារលោកធំធាត់ឡើងមានតែម្តាយ និងដោយសារលោកមានភាពមមាញឹកជាមួយការងារក៏ដូចជាលោកមានមិត្តភក្តិច្រើនផងនោះទើបលោកមិនមានអារម្មណ៍ថាឯកាឡើយ ចំពោះរឿងគូស្រករម្តាយរបស់លោកមិនដែលបង្ខំឡើយ ហើយលោកក៏មិនដាក់កំណត់ខ្លួនឯងថាពេលនេះនឹងរៀបការនោះដែរ។
បន្ថែមពីនេះទៀតសោត Bosco បានសារភាពត្រង់ៗថា មាននារីមិនតិចនាក់ឡើយដែលត្រូវម្តាយលោកច្រានចោល ដូចនេះប្រសិននារីណាចង់ក្លាយជាមិត្តស្រីលោកគឺត្រូវឆ្លងកាត់ម្តាយលោកជាមុនសិន។ គួរបញ្ជាក់ដែរថា Bosco ធ្លាប់បានឱ្យដឹងថា សម្រាប់នារីណាដែលចង់មានទំនាក់ទំនងជាមួយលោកត្រូវទទួលស្គាល់ថា មិត្តភក្តិរបស់លោកនឹងសំខាន់ជាងនាង ហើយមិនអាចតោងលោកស្អិតពេកឡើយ និងមិនអាចមិនសប្បាយចិត្តប្រសិនមានពាក្យចចាមអារ៉ាមពាក់ព័ន្ធថាលោកមានទំនាក់ទំនងជាមួយនារីដទៃ៕

