
ហុងកុង៖ ទើបប្រកាសទំនាក់ទំនងស្នេហាថ្មីជាមួយគ្នាកាលពីខែតុលា កន្លងទៅពេលនេះមិត្តស្រីរបស់ Hawick កំពុងលេចឮពាក្យចចាមអារ៉ាមថាកំពុងមានផ្ទៃពោះ ២ខែហើយ។ ទោះបីជាសមីខ្លួនមិនបានបញ្ជាក់ដោយផ្ទាល់ក៏ដោយ ប៉ុន្តែតាមរយៈឪពុករបស់ Hawick បានឱ្យដឹងថាមិត្តស្រីកូនប្រុសលោកដែលជាតារាសម្តែងស្រី Li Xiaofeng នឹងមានផ្ទៃពោះហើយពិធីមង្គលការរបស់អ្នកទាំង២ក៏នឹងមកដល់ឆាប់ៗនេះផងដែរ។

ប៉ុន្តែបើសួរថានាងកំពុងពរពោះកូនក្នុងផ្ទៃ ២ខែឬយ៉ាងណា? Lau Dan បានឱ្យដឹងថា លោកក៏មិនច្បាស់ដែរប៉ុន្តែលោកកំពុងរង់ចាំដំណឹងល្អ តែពេលនេះ Hawick និង Xiaofeng កំពុងនៅប្រទេសចិនធ្វើការ។ Lau Dan ដែលជាឪពុករបស់ Hawick បានសរសើរតារាស្រី Xiaofeng ពេញៗមាត់ថានាងគួរឱ្យស្រលាញ់ ស្រស់ស្អាត ថែមទាំងមានសុជីវធម៌ល្អមើលទៅមិនដូចសម្តែងឡើយ។
លោកថែមទាំងបញ្ជាក់ថា មិនត្រឹមតែប៉ុណ្ណោះនាងមានភាពចុះសម្រុងជាមួយ Noemie ជាខ្លាំងហើយអ្នកទាំង ២ថែមទាំងជជែកគ្នា និងសើចសប្បាយតាមរយៈវីដេអូខលជាមួយគ្នាជាញឹកញាប់ទៀតផង។ នៅពេលនិយាយដល់ Yang Mi កំពុងស្នាក់នៅហុងកុង Lau Dan បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងអះអាងថាលោកមិនបានជួបនាងឡើយ។
យោងតាមការជជែកវែកញែកពីអ្នកនិយមលេងបណ្តាញសង្គមបាននិយាយថា ប្រហែល Hawick ពិតជាជិតរៀបការមែនហើយទើប Yang Mi និងឪពុកម្តាយរបស់នាងទៅហុងកុងដើម្បីចាត់ចែងទាមទារសិទ្ធិចិញ្ចឹមកូនដែលបានចែងលើលិខិតព្រមព្រៀងលែងលះថា ប្រសិនភាគីម្ខាងណារៀបការមុនគឺស្មើនឹងភាគីនោះលះបង់សិទ្ធិចិញ្ចឹមកូន៕

