×

ទាល់តែគេរិះគន់ទើបផេក Mister Supranational Cambodia ចេញមកបកស្រាយបញ្ហា ឡៅ សុបញ្ញា មិនដោះមកុដផ្ទេរឱ្យម្ចាស់ជ័យលាភីឆ្នាំបន្ទាប់

ភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី០២ ខែមេសា កម្មវិធីប្រកួត Mister Supranational Cambodia 2023 ត្រូវបានបញ្ចប់ជាស្ថាពរដោយម្ចាស់ជ័យលាភីសម្រាប់ឆ្នាំនេះបានទៅលើកម្លោះសង្ហា វន សិលា តំណាងខេត្តពោធិ៍សាត់។ កម្មវិធីត្រូវបានបញ្ចប់ពិតមែន ប៉ុន្តែពាក្យខ្សឹបខ្សាវបានបន្តដោយរិះគន់លើម្ចាស់ជ័យលាភី Mister Supranational Cambodia 2022 លោក ឡៅ បញ្ញា ថាមិនព្រមដោះមកុដពីលើក្បាលផ្ទេរទៅឱ្យម្ចាស់ជ័យលាភី 2023 លោក វន សិលា។

បន្ទាប់ពីផ្ទុះការរិះគន់មិនសំចៃមាត់ដល់ ឡៅ បញ្ញា ដែលមិនដឹងរឿងពេញបណ្តាញសង្គមទើបផេក Mister Supranational Cambodia បានចេញលិខិតបកស្រាយថា “មកុដរបស់កម្មវិធី Mister Supranational Cambodia Organization គឺជាមកុដសម្រាប់បំពាក់ជាការអបអរសាទរនៃការបង្កើតកម្មវិធីឆ្នាំដំបូងគ្រងដោយបេក្ខភាពឆ្នាំដំបូងតែប៉ុណ្ណោះ សម្រាប់ចាប់ពីឆ្នាំនេះតទៅនឹងមិនមានការបំពាក់មកុដទៀតនោះទេគាត់បន្ត ដោយយើងរក្សាគោលការណ៍ International Mister Supranational Organization ដែលបានកំណត់
( បញ្ជាក់ ) មកុដបង្កើតឡើងនៅឆ្នាំដំបូងសម្រាប់អបអរពីការផលិតកម្មវិធីឆ្នាំដំបូងដែលយើងបានចូលរួមក្នុងកម្មវិធីដ៏ធំរបស់ពិភពលោក Mister Supranational Cambodia 2023”។

ក្រោយធ្វើការបកស្រាយដើម្បីស្រាយចម្ងល់មួយនេះផេកផ្លូវការរបស់ Mister Supranational Cambodia ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមរិះគន់ថាធ្វេសប្រហែសមិនព្រមធ្វើការបញ្ជាក់តាំងពីដំបូង ទាល់តែគ្រប់គ្នាចាប់ផ្តើមរិះគន់ទើបចេញមកបកស្រាយតាមក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង