
ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ថារដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៥ថ្ងៃគិតចាប់ពីថ្ងៃទី១៣ -១៧ ខែមេសា ឆ្នាំ២០២៣ ដោយមិនត្រូវបង់ប្រាក់ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខឡើយ។

ក្នុងនោះសេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញនឹងត្រូវដាក់ឱ្យប្រើប្រាស់រថយន្តក្រុងចំនួន ៧០គ្រឿង និងសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មកពីរាជធានីភ្នំពេញវិញនឹងដាក់ឱ្យប្រើប្រាស់រថយន្តក្រុងចំនួន ២៧៥គ្រឿង។
បន្ថែមពីនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូនឱ្យនៅដដែលដោយមិនត្រូវតម្លើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕





