×

រស់នៅជាមួយទ្រព្យសម្បត្តិមហាសាល Liu Yifei មិនខ្វល់រឿងមានស្នេហាតែជីវិតនាងកំពុងសោយសុខជាមួយសត្វឆ្មាប្រមាណ ៦០ក្បាលក្នុងវីឡាស្កឹមស្កៃ

ចិន៖ ត្រូវឪពុកម្តាយចែកផ្លូវគ្នាតាំងពីអាយុទើប ៤ឆ្នាំ តែតារាសម្តែងស្រីលំដាប់ប្រទេស Liu Yifei នៅតែទទួលបានការមើលថែ និងចិញ្ចឹមបីបាច់បានយ៉ាងល្អពីម្តាយរបស់នាង។ នៅអាយុ ១៥ឆ្នាំ Yifei បានចូលសិក្សាថ្នាក់សម្តែងដែលកាលណោះនាងជាសិស្សដែលមានវ័យក្មេងជាងគេនៅសាលា។

ក្រោយមកតារាស្រីវ័យ ៣៥ឆ្នាំរូបនេះបានចាប់អាជីពជាតារាសម្តែងកាលពីឆ្នាំ ២០០២ដោយទទួលបានប្រជាប្រិយភាពជាខ្លាំងផងដែរ។ ជោគជ័យលើវិថីសិល្បៈជាច្រើនឆ្នាំមកនេះធ្វើឱ្យ Liu Yifei ក្លាយជាសេដ្ឋីនីទាំងវ័យក្មេងដែលមានផ្ទះវីឡាជាច្រើនកន្លែងនៅទីក្រុងប៉េកាំង ប្រទេសចិន ទៀតផង។

អ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍នោះគឺ ផ្ទះដែលនាងរស់នៅបច្ចុប្បន្នគឺជាផ្ទះវីឡាធំស្កឹមស្កៃដើម្បីមានភាពងាយស្រួលក្នុងការចិញ្ចឹមសត្វដែលបច្ចុប្បន្នសត្វឆ្មាប្រមាណ ៦០ក្បាលកំពុងស្ថិតក្រោមការមើលថែយ៉ាងដិតដល់ពី Liu Yifei មានទាំងសត្វដែលនាងចិញ្ចឹមផ្ទាល់ និងសត្វឆ្មាអនាថាដែលម្តាយនាងរើសតាមផ្លូវ។

សត្វចិញ្ចឹមទាំងអស់ទទួលបានការមើលថែយ៉ាងដិតដល់បំផុត បន្ថែមពីនេះផងដែរនាង និងម្តាយនឹងស្វែងរកគ្រួសារដ៏ល្អមួយដែលស្រលាញ់សត្វចិញ្ចឹម និងមានទំនួលខុសត្រូវក្នុងការចិញ្ចឹមសត្វដើម្បីប្រគល់ឱ្យពួកគេយកទៅចិញ្ចឹមបន្ត។ គួរបញ្ជាក់ដែរថា បច្ចុប្បន្ន Liu Yifei កំពុងសោយសុខជាមួយជីវិតនៅលីវដែលមានទ្រព្យសម្បត្តិមហាសាលទាំងវ័យក្មេងផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង