×

គូគេនេះចម្លែកមែន ម្នាក់ខ្លាចកន្លែងមនុស្សច្រើនរីឯម្នាក់ទៀតខ្លាចនឹងនិយាយទូរសព្ទ

កូរ៉េខាងត្បូង៖ ជាតារាដែលឈរជើងលើវិថីសិល្បៈអស់រយៈពេលជាយូរមកហើយទើបតែដឹងថា តារាចម្រៀងលំដាប់កំពូល IU មានចរិតមួយគឺមិនចូលចិត្តនិយាយទូរសព្ទយូរឡើយ។ តាមការឱ្យដឹងពីមិត្តជិតស្និទ្ធិរបស់នាងបានបញ្ជាក់ថា រយៈពេលដែលនាងនិយាយទូរសព្ទជាមួយ IU យូរបំផុតគឺមានរយៈពេលតែ ៣នាទីប៉ុណ្ណោះ។

IU ក៏បានបញ្ជាក់ដែរថា នាងមានអារម្មណ៍នៅមិនសុខឡើយនៅពេលដែលនាងត្រូវនិយាយទូរសព្ទយូរ ឬ ឮសំឡេងទូរសព្ទរោទិ៍ សូម្បីពេលនិយាយជាមួយម្តាយក៏តារាស្រីរូបនេះបានឱ្យដឹងថា នាងមិនអាចអង្គុយស្ងៀមមួយកន្លែង និងនិយាយទូរសព្ទជាមួយគាត់ឡើយ។ ហើយមនុស្សតែម្នាក់គត់ដែលមិនធ្វើឱ្យនាងមានអារម្មណ៍រសេះរសោះនឹងជាយាយទូរសព្ទជាមួយគឺអ្នកចាត់ការរបស់នាង។

ក្រលេកទៅមើលពីមិត្តប្រុស IU ដែលជាតារាសម្តែងដ៏ល្បីលោក Lee Jong Suk វិញក៏មានអារម្មណ៍ភ័យខ្លាចចម្លែកមួយផងដែរគឺលោកខ្លាចកន្លែងដែលមានមនុស្សកកកុញ។ តារាប្រុសត្រកូល Lee រូបនេះបានឱ្យដឹងនៅក្នុងកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ថា ប្រសិនមានមនុស្សលើស ៧នាក់ផ្តោតមើលមកលោកនោះមុខរបស់លោកនឹងប្រែជាក្រហមមិនខាន។

មិនត្រឹមតែប៉ុណ្ណោះ ប្រសិនមាននរណាម្នាក់មើលមកលោកនឹងធ្វើឱ្យបេះដូងរបស់លោកលោតញាប់ និងមិនអាចដកដង្ហើមបាន។ Lee Jong Suck បានរំឭកទៅកាលពីឆ្នាំ ២០១៦ នៅពេលឡើងទទួលពានរង្វាន់លើឆាកលោកស្ទើរតែមិនអាចនិយាយចេញដោយសារភ័យខ្លាំងពេក ប៉ុន្តែប្រសិនជាការសម្តែងភាពយន្តវិញបែរជាមិនមានបញ្ហាបែបនេះឡើយ ព្រោះលោកចូលចិត្តការសម្តែងជាខ្លាំង និងមានបំណងចង់ក្លាយជាតារាសម្តែងដ៏ឆ្នើមផងដែរ។

គួរបញ្ជាក់ដែរថា រវាង IU និង Lee Jong Suck បានប្រកាសទំនាក់ទំនងរបស់ពួកគេជាផ្លូវការកាលពីចុងឆ្នាំ២០២២ ដែលកាលណោះអ្នកទាំង២ មានទំនាក់ទំនងបានរយៈពេល ៤ខែហើយជាមួយនឹងការគាំទ្រយ៉ាងពេញទំហឹងពីគ្រួសារទាំងសងខាងផងដែរ បច្ចុប្បន្នអ្នកទាំង២គឺជាគូស្នេហ៍សិល្បករដ៏មានឥទ្ធិពលបំផុតក្នុងរង្វង់សិល្បៈផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង