
សង្គម៖ មន្រ្តីជំនាញ ក.ប.ប. បន្តពង្រឹងការអនុវត្តច្បាប់ចំពោះម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈដែលប្រកបអាជីវកម្មមិនមានសុចរិតភាព ដោយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង និងខេត្តកំពង់ធំ បានបន្តការអនុវត្តច្បាប់ចំពោះធុរជនដែលប្រកបអាជីវកម្មមិនស្មោះត្រង់ក្នុងវិស័យប្រេងឥន្ធនៈ ដែលជានិច្ចកាលធុរជនដែលប្រកបអាជីវកម្មក្នុងវិស័យមួយនេះបានកេងប្រវ័ញ្ចផលប្រយោជន៍ពីអ្នកប្រើប្រាស់ជារឿយៗ។
ការអនុវត្តច្បាប់នេះគឺដើម្បីធានាការពារផលប្រយោជន៍អ្នកប្រើប្រាស់ លុបបំបាត់សកម្មភាពធុរកិច្ចដែលមិនស្មោះត្រង់ រក្សាការពារអ្នកវិនិយោគដែលសុចរិត និងពង្រឹងការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជាផងដែរ។ ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំងដែលពុំមានអនុលោមភាពតាមបទប្បញ្ញត្តិក្នុងចំណោម ១៦ទីតាំងដែលមន្រ្តីជំនាញបានត្រួតពិនិត្យ ដោយពិន័យអន្តរការណ៍តាមនីតិវិធីផងដែរ៕
