នេះជាការប្រកួតដ៏សំខាន់មួយនៅក្នុងការប្រជែងពានរង្វាន់ Premier League សម្រាប់ Arsenal នៅពេលដែលពួកគេធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ដើម្បីប្រកួតជាមួយ Liverpool ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង ១០:៣០ នាទីយប់នេះតទៅ។
Arsenal នៅតែឈរនៅលើកំពូលតារាង ដោយមានគម្លាត ៨ ពិន្ទុ ពីក្រុម Manchester City។ មានការជឿជាក់ថា ក្រុមរបស់លោក Mikel Arteta នឹងអាចក្លាយជាជើងឯកលីគរដូវកាលនេះ ប្រសិនបើពួកគេដណ្តើមបានជ័យជម្នះជាលើកដំបូងរបស់ពួកគេនៅ Anfield ចាប់តាំងពីឆ្នាំ២០១២ក្នុងការប្រកួតយប់នេះ។
Liverpool ឈានទៅស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៨ និងដេញតាមពីក្រោយក្រុមលេខ៤ Man United ចំនួន ១០ពិន្ទុ។ នេះជារដូវកាលដ៏លំបាកមួយសម្រាប់ក្រុមរបស់លោក Jurgen Klopp ដែលស្ទើរតែឈ្នះពានរង្វាន់ចំនួន៤ផ្សេងៗគញនា កាលពីរដូវកាលមុន។
Trent Alexander-Arnold និង Andy Robertson ត្រូវបានរំពឹងថា នឹងវិលត្រឡប់ទៅកាន់ជម្រើស១១នាក់ដំបូងរបស់លោក Klopp ។ Virgil van Dijk ទំនងជាសះស្បើយពីជំងឺទាន់ពេល។ Thiago Alcantara អាចត្រឡប់មកវិញក្នុងតំបន់កណ្តាល។ Luis Diaz មិនទាន់ត្រៀមរួចរាល់ដើម្បីចាប់ផ្ដើមក្នុងការប្រកួតនេះទេ។ ចំណែក Stefan Bajcetic នៅតែអវត្តមាន។
មិនមានការព្រួយបារម្ភអំពីរបួសថ្មីសម្រាប់ Arsenal ឡើយ ប៉ុន្តែពួកគេនៅតែមិនមានកីឡាករ William Saliba សម្រាប់ការប្រកួតទី៣ជាប់ៗគ្នា។ Bukayo Saka នឹងត្រលប់មកក្រុមវិញ បន្ទាប់ពីឱ្យស្ថិតនៅកៅអីបម្រុង កាលពីប្រកួតមុន។
ប្រវត្តិជួបគ្នា ៥ប្រកួតចុងក្រោយគឺ Liverpool ឈ្នះ៣ដង ស្មើ១ដង និងចាញ់១ដង នៅគ្រប់កម្មវិធីប្រកួតទាំងអស់។ ប្រកួតចុងក្រោយ Arsenal បានយកឈ្នះក្នុងដីរបស់ខ្លួនដោយលទ្ធផល ៣-២ ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Alisson; Alexander-Arnold, Konata, Van Dijk, Robertson; Fabinho, Henderson, Elliott; Salah, Gakpo, Nunez
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Ramsdale; White, Holding, Gabriel,Zinchenko; Partey, Xhaka, Odegaard; Saka, Jesus, Martinelli
ការទស្សន៍ទាយរបស់ CBS Sports ចំពោះលទ្ធផលរវាងក្រុមទាំងពីរគឺ៖ Liverpool ២-២ Arsenal ៕