
សង្គម៖ ថ្មីៗនេះ មានការចែករំលែកទិដ្ឋភាពពលករខ្មែរដែលបានធ្វើដំណើរពីប្រទេសថៃចូលមកកម្ពុជាដើម្បីជួបជុំគ្រួសារអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិ កំពុងកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត តាំងពីព្រឹកថ្ងៃទី០៩ ខែមេសា ប៉ុន្តែមិនទាន់អាចចាកចេញពីប្រទេសថៃឡើយ។

ការចែករំលែកមួយនេះកំពុងផ្ទុះការចែករំលែក និងមានការបញ្ចេកមតិរិះគន់ពេញបណ្តាញសង្គមយ៉ាងខ្លាំងផងដែរ។ យ៉ាងណាមិញ អាជ្ញាធរកម្ពុជាបានបញ្ជាក់ថា បញ្ហានៃការកកស្ទះនេះ គឺបងប្អូនខ្មែរកំពុងអង្គុយរង់ចាំខាងទឹកដីថៃ ដើម្បីពិនិត្យបំពេញបែបបទឆ្លងមកខាងទឹកដីកម្ពុជា។ ចំណែក ខាងសមត្ថកិច្ចកម្ពុជាបានយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលពន្លឿននីតិវិធីឱ្យបងប្អូនខ្មែរឱ្យឆាប់បានទៅដល់ភូមិឋាន ផ្ទះសម្បែងនៅឯស្រុកកំណើតរៀងៗខ្លួន។

អាជ្ញធរខេត្តបន្ទាយមានជ័យ
កំពុងសហការធ្វើកិច្ចការងារបន្ទាន់សម្របសម្រួលជាមួយអាជ្ញាធរខេត្តស្រះកែវ និងកងកម្លាំងសមត្ថកិច្ចថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ដើម្បីសម្របសម្រួលឱ្យបងប្អូនពលករដែលសម្រុកមកពីប្រទេសថៃ កុំឱ្យមានការកកស្ទះរង់ចាំយូរ។
ក្នុងការដោះស្រាយបន្ទាន់នេះ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោក ង៉ោ ម៉េងជ្រូន អភិបាលរងខេត្ត លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចអន្តោរប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែត មន្ទីរការងារ បណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងមន្ត្រីពាក់ព័ន្ធ បាននិងកំពុងនៅលើទឹកដីថៃ ជួបពិភាក្សា ដោះស្រាយជាបន្ទាន់ជូនដល់បងប្អូនពលករខ្មែរជាច្រើនពាន់នាក់ ដែលអញ្ជើញមកលេងផ្ទះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕




