×

កុមារកម្ពុជា ដែលទទួលការវះកាត់នៅកូរ៉េខាងត្បូងក្រោមជំនួយរបស់ជំទាវទី១បានជាសះស្បើយ

ភ្នំពេញ៖ រូបភាពមួយសន្លឹក ដែលបង្ហាញពីលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol និងលោកជំទាវទី១របស់កូរ៉េខាងត្បូង Kim Keon-hee ព្រមទាំងកុមារាម្នាក់ដែលកំពុងទាត់បាល់ បានឆ្លុះបញ្ចាំងពីភាពកក់ក្ដៅនិងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូងមកលើកុមារកម្ពុជា ដែលត្រូវបានសារព័ត៌មានទាំងក្នុងនិងក្រៅស្រុកចាប់អារម្មណ៍យ៉ាងខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ។

កុមារាក្នុងរូបថតដែលប្រកបដោយអត្ថន័យមួយនេះ មានឈ្មោះថា អោក រដ្ឋា អាយុ ១៤ ឆ្នាំ ដែលត្រូវបានជំទាវទី១កូរ៉េខាងត្បូង មានចិត្តសន្ដោសប្រណីបានឧបត្ថម្ភចំពោះថ្លៃធ្វើដំណើរ និងថ្លៃវះកាត់ជំងឺបេះដូង នៅទីក្រុងសេអ៊ូល ព្រោះគ្រួសាររបស់ រដ្ឋា គ្មានលទ្ធភាពដោយសារជីវភាពក្រីក្រ។

ជំទាវទី១របស់កូរ៉េខាងត្បូង Kim Keon-hee បានជួបជាមួយ រដ្ឋា នៅពេលអមដំណើរប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol អំឡុងទស្សនកិច្ចមួយមកកាន់កម្ពុជា កាលពីដើមខែវិច្ឆិកា។ នៅក្នុងមន្ទីរពេទ្យមួយនៅរាជធានីភ្នំពេញ ជំទាវទី១របស់កូរ៉េខាងត្បូង បានពិភាក្សាជាមួយគ្រូពេទ្យដើម្បីរកវិធីព្យាបាល រដ្ឋា ដែលធ្លាប់ទទួលការវះកាត់លើកទី១ កាលពីឆ្នាំ២០១៨ តែគ្រួសាររដ្ឋា មិនអាចបញ្ជូនគេទៅទទួលការវះកាត់ជាលើកទី២បានដោយសារកត្តាជីវភាព។

រដ្ឋា បានទទួលការវះកាត់ជំងឺបេះដូងដោយជោគជ័យកាលពីខែធ្នូ និងបានជួបជាប្រធានាធិបតីកូរ៉េខាងត្បូង និងជំទាវទី១ នៅឯការិយាល័យប្រធានាធិបតី កាលពីចុងខែមករា ឆ្នាំ២០២៣។ បច្ចុប្បន្ន រដ្ឋា បានត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ជាមួយនឹងស្ថានភាពសុខភាពកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង