×

សកម្មភាពទាំងនេះហើយដែលអតីតប្រធានាធិបតេយ្យ Barack Obama ធ្វើ និងអាចរកប្រាក់ចំណូលបានខ្ទង់លានដុល្លារ

អាមេរិក៖ ទោះបីជាផុតអាណត្តិលែងជាប្រធានាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិកទៀតក៏ពិតមែន ប៉ុន្តែអតីតប្រធានាធិបតេយ្យដ៏មានប្រជាប្រិយភាព Barack Obama និង Michelle Obama នៅតែមមាញឹកខ្លាំងក្នុងសកម្មភាពប្រចាំថ្ងៃ ហើយសកម្មភាពទាំងប៉ុន្មាននេះហើយជាផ្នែកមួយដែលពួកគាត់អាចស្វែងរកប្រាក់ចំណូលប្រចាំថ្ងៃផងដែរ។

បន្ទាប់ពីចប់អាណត្តិជាប្រធានាធិបតេយ្យលោក Barack Obama ទទួលបានប្រាក់សោធននិវត្តន៍ដល់ ៦ខ្ទង់ ហើយលោកក៏ជាអ្នកនិយាយសាធារណៈដ៏ល្បីមួយរូបផងដែរ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានចងក្រងសៀវភៅប្រកបដោយអត្ថន័យដើម្បីចែកចាយលើទីផ្សារទៀតផង ជាក់ស្តែងសៀវភៅដែលមានចំណងជើង “A Promise Land” បានលក់ដាច់អស់ចំនួន ៨៩០,០០០ ក្បាលត្រឹមរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះ។

រយៈពេល ៨ឆ្នាំដែលលោក Obama ធ្វើជាប្រធានាធិបតេយ្យនៅសហរដ្ឋអាមេរិក លោកទទួលបានប្រាក់ខែ ៤សែនដុល្លារក្នុងមួយឆ្នាំ និងរហូតមកដល់ពេលបច្ចុប្បន្នលោកនៅតែទទួលបានប្រាក់ ២សែនដុល្លារជាប្រាក់ឧបត្ថម្ភប្រចាំឆ្នាំផងដែរ។ ជារួមមក ប្រាក់ចំណូលគោលដែលលោក Obama ទទួលបានគឺពីការលក់សៀវភៅរបស់លោក ទោះជាយ៉ាងណានេះមិនមែនប្រភពចំណូលតែ១របស់លោករកបានឡើយ ពោលគឺនៅមានប្រភពចំណូលផ្សេងៗទៀតគ្រប់ច្រកល្ហកតែម្តង។

តាមរយៈសារព័ត៌មាន New York Post បានចុះផ្សាយថា អំលុងឆ្នាំ ២០១៨ លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Netflix ដែលមានតម្លៃប្រមាណ ៥០លានដុល្លារដើម្បីបង្កើតភាពយន្តឯកសារ “Be coming”។ មិនត្រឹមតែប៉ុណ្ណោះលោកថែមទាំងទទួលបានប្រាក់ពីការឡើងនិយាយជាសាធារណៈក្នុងមួយប្រធានបទគឺទទួលបាន ៤សែនដុល្លារពីកម្មវិធី។

ជាក់ស្តែងកាលពីឆ្នាំ ២០១៧ កន្លងទៅ អតីតប្រធានាធិបតេយ្យរូបនេះបានឡើងនិយាយជាសាធារណៈចំនួន ៣ប្រធានបទពីកម្មវិធិ Wall Street Firms ដោយទទួលបាន ១.២លានដុល្លារឯណោះ។ ចំណែកឯលោកស្រី Obama ត្រូវបានដឹងថាគាត់ទទួលបាន ២២៥,០០០ដុល្លារក្នុងការបង្ហាញខ្លួនមួយកម្មវិធីផងដែរ សម្រាប់សំបុត្រចូលទស្សនា Book Tour កាលពីអំលុងឆ្នាំ២០១៨ នៅ Barclays Center ក៏មានតម្លៃចាប់ពី ៣០៧ដុល្លារ ដល់ ៤០៧០ដុល្លារផងដែរ។

បន្ថែមពីនេះទៀតសោត លោកស្រី Michelle Obama ក៏បានចុះហត្ថលេខាជាមួយ Spotify ដើម្បីបើកដំណើរការ The Michelle Obama Podcase កាលពីខែកក្កដា ឆ្នាំ២០២០ ទៀតផង។ តាមការប៉ាន់ប្រមាណ គ្រួសារអតីតប្រធានាធិបតេយ្យមួយនេះអាចរកប្រាក់ចំណូលបានយ៉ាងហោចណាស់ ២៤២.៥លានដុល្លារបន្ទាប់ពីចាកចេញផុតអាណត្តិជាប្រធានាធិបតេយ្យនៅសហរដ្ឋអាមេរិកមក៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង