
ចិន៖ យោងតាមបុរាណវិទូចិនបានអះអាងថា តួអង្គដែលគ្រប់គ្នាបានឃើញនៅក្នុងរឿង ព្រះនាងយេយេ សម្តែងជាតួអង្គ ហានសៀង គឺមានពិតប្រាកដនៅក្នុងប្រវត្តិសាស្ត្រត្រូវបានជាប់ឈ្មោះ Rongfei ដោយសារក្លិនក្រអូនចម្លែកពីក្នុងខ្លួនដែលពួកគេបានប្រទះផ្នូររបស់នាងនៅទីក្រុង ថាងសាន ខេត្តហឺប៉ី។

នៅក្នុងជីវិតពិត Rongfei គឺជាសំណព្វចិត្តរបស់ស្តេច ឈៀនឡុង ដែលជាស្ត្រីម្នាក់មានរូបសម្បត្តិស្រស់ស្អាតដាច់គេ ហើយអ្វីដែលចំលែកនោះគឺនាងមានក្លិនក្រអូបពីធម្មជាតិរហូតអាចទាក់ទាញមេអំបៅមកហ៊ុព័ទ្ធជុំខ្លួនទៀតផង។ ទោះជាយ៉ាងណា ក្លិនក្រអូបចេញពីខ្លួនរបស់ Rongfei ត្រូវបានសិក្សាឡើងដោយអ្នកខ្លះយល់ថា ប្រហែលមកពីបរិយាកាសដែលនាងធ្លាប់រស់នៅតាំងពីតូច អ្នកខ្លះបានឱ្យដឹងថាដោយសារគ្រឿងដែលនាងប្រើប្រាស់ពេលងូតទឹក។
ចំណែកខ្លះទៀតបានលើកឡើងថាដោយសារប្រភេទតែពិសេសម៉្យាងដែលនាងផឹកទើបធ្វើឱ្យនាងមានក្លិនក្រអូបចម្លែកខុសពីមនុស្សទូទៅ ទោះជាយ៉ាងណាក្លិនក្រអូបចេញពីក្នុងខ្លួន Rongfei នៅតែជាចម្ងល់រយៈពេលជាង ១ពាន់ឆ្នាំមកហើយនៅមិនទាន់មាននរណាអាចបកស្រាយបានឡើយ។
Rongfei គឺជាសំណព្វចិត្តរបស់ស្តេច ឈៀនឡុង តាំងពីចូលក្នុងរាជវាំងថ្ងៃដំបូងម្ល៉េស ដែលសូម្បីតែពេលចុះទៅអង្កេតរាស្ត្រនៅភាគខាងត្បូងក្នុងឆ្នាំ ១៧៦៥ ក៏ស្តេច ឈៀនឡុង បាននាំនាងទៅជាមួយអមដោយទាហាន ១០០០នាក់ហែហមសុវត្ថិភាព មិនត្រឹមតែប៉ុណ្ណោះចំពោះអាហារវិញក៏ស្តេច ឈៀនឡុង បានរៀបចំដល់ទៅ ៨០មុខឯណោះសម្រាប់ផ្គាប់ចិត្ត Rongfei ផងដែរ៕
