
ភ្នំពេញ៖ បន្ទាប់ពីបានឆ្លើយតបនឹងចម្ងល់អ្នកគាំទ្រពីការចូលរួមច្រៀងក្នុងស៊ីហ្គេម និងសង្ក្រាន្តសៀមរាប តារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា បានបញ្ជាក់ច្បាស់ៗថា ““ឡាយល្ងាចមិញ មានអ្នកគាំទ្រសួរច្រើនដងណាស់ថា ” ចូលឆ្នាំនេះមកអង្គរសង្រ្កាន្តអត់?”

បន្ទាប់ពីត្រូវបានអ្នកគាំទ្រសួរបែបនេះហើយ តារាចម្រៀងរូបនេះបានឱ្យដឹងថា “អាយដលអត់បានទៅទេ ព្រោះប្រហែលខុសខ្សែអ្នកហៅតួ ឆ្ងល់ដែរ Sea Game ក៏អត់ សង្ក្រាន្តអង្គរក៏អត់ តើខ្ញុំនេះក្លាយជារបស់ដែលគេគ្រវាត់ចោលកៀនជញ្ជាំងតាំងពីពេលណា បើខ្ញុំនៅជំទាលច្រៀងបាននៅឡើយ”។
ក្រោយពីបានផុសបែបនេះរួច អ្នកគាំទ្រជាច្រើនបានចូលរួមសោកស្តាយនៃការអវត្តមានសម្រាប់កម្មវិធីធំៗទាំង២នេះដោយពួកគេបានចូលរួមមតិលើកទឹកចិត្តដល់គាត់ផងដែរ។ ទន្ទឹមនឹងនោះ អ្នកនាង ម៉េង កែវពេជ្ជតា ក៏បានឆ្លងឆ្លើយជាមួយ Comment មួយបានសរសេរថា៖
“មកពីបងឈរខុសខ្សែ មិនខ្សែខាងគេ អញ្ចឹងបានគេនឹកមិនឃើញ ពេលកាលកម្សត់កម្រនឹកឃើញបង ដល់មានបានរុងរឿងគេធ្វើភ្លេចធ្វើមិនស្គាល់។ មិនអីទេបងបន្តដំណើរទៅមុខទៀត សម្លេងបងបត់បែនគ្រប់ទម្រង់នៃបទ និងគ្រប់ពណ៌សម្បុររួមទេព្យកោសល្យល្អឯក សមត្ថភាពពិត ទស្សនិកជនខ្មែរទាំងមូលនៅតែគាំទ្រអ្នកមានសមត្ថភាព។ ពេជ្រនៅពេជ្រភ្លឺចែងចាំ ទោះមានគេខំពន្លិចយកភក់មកប៉ាតក៏នៅតែចាំង។”
ក្នុងការឆ្លើយតបទៅនឹង Comment មួយនេះអ្នកនាង ម៉េង កែវពេជ្ជតា បានឆ្លងឆ្លើយទៅវិញបែបនេះថា៖ “មែនហើយអូន មកពីយើងមិនមែនខាងគេ តែបើជាខាងគេ ក៏គេនៅតែសណ្តោងរយោងទៅតាមដែរដោយមិនខ្វល់ពីសម្លេងមហាជនជេរដៀលតវ៉ានោះទេ ដូចអ្នកខ្លះ មហាជនកំពុងខឹងក៏មានមុខចូលរួម តារាខ្លះមានកូនអត់ប្តី យកប្តីគេ បោកលុយគេ គួកជេស្រី ម៉ែយ៉ែម..ក៏នៅតែមានមុខតើសង្គមសិល្បៈខ្មែរនៃខ្ញុំ នៅសេសសល់ដង្កូវប៉ុន្មានឆ្នាំទៀត? ហើយតើឆ្នាំណានឹងបានរីកចម្រើនដូចសាសន៍ដទៃ ? ?”
គួរបញ្ជាក់ដែរថា តាមរយៈការផុសរបស់តារាចម្រៀងជើងចាស់រូបនេះឃើញមានតារាចម្រៀង ទិត្យ សុធារី បានបង្ហាញអារម្មណ៍របស់ខ្លួននៅក្នុង Comment ដែរថា “កម្មវិធីធំៗអ៊ីចឹងស័ក្តសមនឹងអ្នកគ្រូបំផុត សម្លេងមាសគ្មាន២ នេះជាមូលហេតុដែលខ្ញុំចង់ឈប់ពីសិល្បៈ បើបានហៅអ្នកណាហើយហៅតែគ្នាគេហ្នឹង ខ្ញុំជាអ្នកចម្រៀងម្នាក់ដែលប្រាប់ប៉ុស្តិ៍ទូរទស្សន៍មួយសុំឈប់ហៅខ្ញុំតែម្តង ខ្ញុំមិនមែនជាតារាល្បីអីទេ ប៉ុន្តែឱ្យតម្លៃសិល្បៈ និងឱ្យតម្លៃខ្លួន”៕


