×

រថយន្តក្រុងសាធារណៈ ៣៤៥គ្រឿង ត្រូវបានបញ្ចេញដឹកប្រជាពលរដ្ឋទៅចូលឆ្នាំនៅស្រុកកំណើតដោយមិនយកប្រាក់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មិនយកប្រាក់។

នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមនឹងមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិះរថយន្តទៅស្រុកកំណើតតាមខេត្តក្រុងនានាដោយសាលារាជធានីភ្នំពេញបានរៀបចំគោលដៅចេញដំណើរជាច្រើនកន្លែងនៅចំណុចផ្លូវជាតិចេញចូលរាជធានីភ្នំពេញ។ លោកអភិបាលបានមានប្រសាសន៍ថា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តចំនួន ៧០គ្រឿង។

សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងតាមបណ្តាខេត្តមករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តចំនួន ២៧៥គ្រឿង ដែលមានទីតាំង និងគោលដៅចេញដំណើរ និងពេលវេលាច្បាស់លាស់។

ចំណតរថយន្តមានផ្លូវជាតិលេខ១ ភ្នំពេញ-កណ្តាល, ភ្នំពេញ-ព្រៃវែង រថយន្ត៥គ្រឿង មានចំណតនៅស្ថានីយ៍ចំណតវាលស្បូវ។ ភ្នំពេញ-កណ្តាល, ភ្នំពេញ-ស្វាយរៀង រថយន្ត៥គ្រឿង ចំណតនៅមុខទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ផ្លូវជាតិលេខ២ ភ្នំពេញ-កណ្តាល, ភ្នំពេញ-តាកែវ រថយន្ត៥គ្រឿង ទីតាំងចំណតដូចខាងលើ។ ផ្លូវជាតលេខ៣ភ្នំពេញ-កែប, ភ្នំពេញ-កំពត រថយន្ត៥គ្រឿង ទីតាំងចំណតនៅដីឡូត៏មុខគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញផ្លូវ ២០០៤។ ផ្លូវជាតិលេខ៤ ភ្នំពេញ-កំពង់ស្ពឺ, ភ្នំពេញ-ព្រះសីហនុ រថយន្ត១០គ្រឿង ទីតាំងចំណតដីឡូត៏មុខគណបក្សរាជធានីភ្នំពេញ។ គោលដៅផ្លូវជាតិលេខ៥ភ្នំពេញ-កំពង់ឆ្នាំង, ភ្នំពេញ-ពោធិិសាត់, ភ្នំពេញ-បាត់ដំបង, ភ្នំពេញ-បន្ទាយមានជ័យ, ភ្នំពេញ-កំពង់ធំរថយន្តសរុប ១១៨គ្រឿង ទីតាំងចំណតគឺស្ថានីយ៍ចំណតសួនច្បារឫស្សីកែវ។ ផ្លូវជាតិលេខ៦, លេខ៧ភ្នំពេញ) កំពង់ចាម, ភ្នំពេញ-ត្បូងឃ្មុំ រថយន្ត១០គ្រឿង។

លោក ឃួង ស្រេង បានអំពាវនាវដល់ប្រជាពល រដ្ឋឲ្យចូលរួមធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ (City Bus) រាជធានីភ្នំពេញ ដែលប្រកបដោយសុវត្ថិភាព និងផាសុខភាព៕


អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង